អា​មេ​រិ​ក​ត្រៀម​កញ្ចប់​ថវិកា​យ៉ាងច្រើន ដើម្បី​ជួយ​ដល់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង

0

បរទេស​៖ ប្រភព​នៅ​ក្នុង​រដ្ឋបាល​សេត​វិមាន​បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន គ្រោង​នឹង​ប្រកាស​កញ្ចប់​ថវិកា​ថ្មី​ចំនួន ១​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ជា​ជំនួយ​ស្បៀងអាហារ​ដល់​មជ្ឈិមបូព៌ា​។

ប្រភព​នោះ​បាន​និយាយ​ថា «​ប្រធានាធិបតី​នឹង​ប្រកាស​នៅ​ថ្ងៃនេះ​ថា សហរដ្ឋអាមេរិក​បាន​សន្យា​នូវ​ថវិកា​ចំនួន ១​ប៊ី​លាន​ដុល្លារ​អាម៉េរិក​នៅ​ក្នុង​ជំនួយ​សន្តិសុខ​ស្បៀងអាហារ​រយៈពេល​វែង​ដែល​ជា​កម្រិត​ថ្មី​មួយ​សម្រាប់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​»​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​សេចក្តី​ប្រកាស​ស្តី​ពី​ជំនួយ​ស្បៀងអាហារ​ដែល​មាន​ថវិកា​ចំនួន ១​ប៊ី​លាន​ដុល្លារ​អាម៉េរិក​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង Jeddah នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បៃ​ដិ​ន បាន​ចេញដំណើរ​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​តំបន់​មជ្ឈិមបូព៌ា​ចាប់តាំងពី​លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សេត​វិមាន​កាលពី​ក្នុង​ខែមករា ឆ្នាំ​២០២១ មក​៕

ប្រភព៖ ក្រសួងព័ត៌មាន