បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាកាលពីថ្ងៃពុធថានឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងអំណាចរបស់លោកដើម្បីកាត់បន្ថយតម្លៃបូមប្រេងរបស់សហរដ្ឋអាមេរិក ដែលកំពុងមិនធ្លាក់ចុះទៅតាមតម្លៃប្រេងឆៅ ដោយលោកបាននិយាយថា លោកនឹងបន្តបញ្ចេញទុនបម្រុងប្រេងសង្គ្រោះបន្ទាន់ដើម្បីបន្ថែមការផ្គត់ផ្គង់។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានថា «ខ្ញុំនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីកាត់បន្ថយតម្លៃប្រេង និងឧស្ម័ន។ ខ្ញុំនឹងបន្តការបញ្ចេញប្រេងជាប្រវត្តិសាស្ត្ររបស់ខ្ញុំពីទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់យើង»។
ប្រេងឥន្ធនៈមួយហ្កាឡុងដែលជាផលិតផលឥន្ធនៈតាមតម្រូវការបំផុតរបស់សហរដ្ឋអាមេរិកមានតម្លៃជាមធ្យម ៤,៦៣ដុល្លារអាម៉េរិកកាលពីថ្ងៃពុធបើធៀបទៅនឹងកម្រិតខ្ពស់បំផុត ៥,០១ដុល្លារអាម៉េរិកកាលពីក្នុងមួយខែមុន។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០ភាគរយពីតម្លៃប្រហែល ១២០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលកាលពីមួយខែមុន មកត្រឹមតែក្រោម ១០០ដុល្លារអាម៉េរិកនាពេលបច្ចុប្បន្ននេះ។
ការកើនឡើងខ្ពស់នៃតម្លៃឧស្ម័ន អាហារ និងការជួលបានធ្វើឱ្យអតិផរណារបស់សហរដ្ឋអាមេរិកឡើងដល់កម្រិតខ្ពស់មួយកាលពីក្នុងខែមិថុនាក្នុងរយៈពេលបួនទសវត្សរ៍កន្លងមក។ បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃអ្នកប្រើប្រាស់បានកើនឡើង ៩.១ភាគរយដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៨១ មក និងកើនឡើងពីការកើនឡើង ៨,៦ភាគរយកាលពីក្នុងខែឧសភា។
លោក បៃដិន បានហៅតួលេខអតិផរណានេះថា ជាកម្រិតខ្ពស់មួយដែលមិនអាចទទួលយកបាន ប៉ុន្តែលោកបានទទូចថា វាមិនបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនាពេលថ្មីៗនេះទេ។
យោងតាមរបាយការណ៍របស់ Politico បានឱ្យដឹងថា ការធ្វើដំណើររបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃទី១៣-១៦ ខែកក្កដា នឹងមិនជួយកាត់បន្ថយតម្លៃប្រេង និងឧស្ម័នទេ បើទោះបីជាលោកមានក្តីសង្ឃឹមក៏ដោយ។ របាយការណ៍នេះបាននិយាយថា ទោះបីជាប្រទេសអារ៉ាប៊ីសាអូឌីតមានស្តុកប្រេងធំជាងគេលំដាប់ទី២ នៅលើពិភពលោកក៏ដោយ ក៏ប្រទេសមួយនេះមិនមានប្រេងច្រើនដើម្បីផ្តល់ឱ្យដែរ ខណៈដែលខ្លួនកំពុងតស៊ូដើម្បីសម្រេចឱ្យបាននូវគោលដៅផលិតកម្មរបស់ខ្លួន។ វាក៏នឹងត្រូវការការព្រមព្រៀងជាមួយបណ្តាប្រទេស OPEC + ផ្សេងៗទៀតមុនពេលបញ្ចេញប្រេងបន្ថែមទៀតផងដែរ។
លោក បៃដិន ត្រូវបានគេរំពឹងថានឹងនិយាយអំពីការកើនឡើងនៃតម្លៃថាមពលក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាមេដ ប៊ីន សាលម៉ាន់ ដែលជាជំនួបទល់មុខគ្នាជាលើកដំបូងរវាងមេដឹកនាំទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន បានទទូចក្នុងឱកាសជាច្រើនថា លោកមិនមានគម្រោងស្នើសុំឱ្យប្រទេសអារ៉ាប៊ីសាអូឌីតបង្កើនផលិតកម្មប្រេងចំពេលដែលកំពុងមានការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ននៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោកនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន