ក្រុម​ប៉េតង់​កម្ពុជា បំបាក់​ក្រុម​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ទទួល​បាន​មេដាយមាស

0

បរទេស៖ ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា អ៊ុ​ក ស្រី​មុំ និង​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា ដណ្តើម​បាន​មេដាយមាស​លើ​វិញ្ញាសា ២​នាក់​ទល់​២​នាក់ ក្រោយ​ពី​បាន​យកឈ្នះ​កីឡាការិនី​ប៉េតង់​បារាំង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៧​ទល់​៥ នៅ​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​១​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ នៃ​ការ​ប្រកួត​កីឡា​ពិភពលោក (World Games) ឆ្នាំ​២០២២ នៅ​សហរដ្ឋអាមេរិក​។

ប្រភេទ​កីឡា​ប៉េតង​កម្ពុជា ដែល​ចូលរួម​ប្រកួត ២​វិញ្ញាសា គឺ​ឈ្នះ​មេដាយមាស​ទាំង​២​វិញ្ញាសា ដោយ​មេដាយមាស​ទី​១ ដណ្តើម​បាន​ដោយ​កីឡាការិនី អ៊ុ​ក ស្រី​មុំ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ កាលពី​ម្សិលមិញ​។ ប្រតិភូ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​បញ្ចប់​បេសកកម្ម នៃ​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​នេះ​។

កីឡាការិនី អ៊ុ​ក ស្រី​មុំ និង​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា ដែល​ដណ្ដើម​បាន​មេដាយមាស ពី​ក្រុមកីឡា​ការិនី​បារាំង Nadege BAUSSIAN និង​Caroline Marie BOURRIAUD ក្នុង​វិញ្ញាសា ២​នាក់​ទល់​២​នាក់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នេះ​ក៏​ជា​មេដាយមាស​ទី​២ ដែល​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​ចូលរួម​ជា​លើក​ដំបូង​របស់​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់ ៤​ឆ្នាំ​ម្តង​។

លើ​វិញ្ញាសា​២​ទល់​២​នេះ មាន​ប្រទេស​ចូលរួម​ចំនួន​៨ ដោយ​ចែក​ចេញ​ជា​២​ពូ​ល ដោយ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល ជាមួយ​កា​ណា​ដា​,​បារាំង​, ដា​ណឺ​ម៉ាក​។ រីឯ​ពូ​ល​១​ទៀត រួម​មាន អា​ល្លឺ​ម៉​ង់​, បែ​ល​ហ្ស៊ិ​ក​, ថៃ​, និង​ម្ចាស់ផ្ទះ អាម៉េរិក​។ សម្រាប់​លទ្ធផល​នៃ​ការ​ប្រកួត​នៅ​ជុំ​ទី​១ ទី​២ និង​ទី​៣ កម្ពុជា​បាន​ឈ្នះ​ដា​ណឺ​ម៉ាក ក្នុង​លទ្ធផល ១៣​ទល់​៥, ជុំ​ទី​២ កម្ពុជា​ចាញ់​បារាំង ៧​ទល់​៩, និង​ជុំ​ទី​៣ កម្ពុជា​ឈ្នះ​ដា​ណឺ​ម៉ាក ១៣​ទល់​៤​។ សម្រាប់​លទ្ធផល​វគ្គ​ពាក់កណ្តាល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា​បាន​យកឈ្នះ​ថៃ ១២​ទល់​១០​។ នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ វគ្គ​ផ្តាច់ព្រ័ត្រ កម្ពុជា​បាន​យកឈ្នះ​បារាំង ដោយ​លទ្ធផល ៧​ទល់​៥ ហើយ​ដណ្តើម​បាន​មេដាយមាស​ទី​២ ជូន​ជាតិ​តែ​ម្តង​។ ចំពោះ​បារាំង​ដណ្តើម​បាន​ត្រឹម​មេដាយ​ប្រាក់ ក្រោយ​ចាញ់​កម្ពុជា ខណៈ​មេដាយ​សំរឹទ្ធិ​បាន​ទៅ​ថៃ ក្រោយ​យកឈ្នះ​អា​ល្លឺ​ម៉​ង់ ១៣​ទល់​០​។

បើ​តាម​ការ​បញ្ជាក់​ពី​កញ្ញា គិ​ន សំណាង អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា ចូលរួម​ប្រកួត​កីឡា​ពិភពលោក នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ដោយ​មាន​ជាង​១០០​ប្រទេស​ចូលរួម​និង​មាន​៣៤​ប្រភេទ​កីឡា​ខណៈ​កម្ពុជា​បាន​បញ្ជូន​១​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា​ចូលរួម (​កីឡាការិនី​២​នាក់ លេង​២​វិញ្ញាសា​) ។ នេះ​ជា​ការ​ចូលរួម​ជា​លើក​ដំបូង​របស់​កម្ពុជា ហើយ​ក៏​ជា​លើក​ដំបូង​របស់​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា​ផង​ដែរ ហើយ​កម្ពុជា​បាន​កសាង​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់ ៤​ឆ្នាំ​ម្តង​។ ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា​បាន​បញ្ច ប់​បេសកកម្ម​របស់​ខ្លួន​ហើយ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​នេះ ដោយ​ចូលរួម​ប្រកួត​២​វិញ្ញាសា ឈ្នះ​មេដាយមាស​ទាំង​ពីរ​វិញ្ញាសា ដែល​ជា​ការ​កសាង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​ជាតិ ពី​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​មួយ​នេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន