បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថាអធិការបតី Olaf Scholz បានប្រាប់សភាកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនអាវុធទំនើបបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ លោកបាននិយាយថា ក្នុងអាវុធទាំងនោះ រដ្ឋាភិបាលបានសម្រេចផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T ដល់ប្រទេសអ៊ុយក្រែនផងដែរ។
យោងតាមរបាយការណ៍បានចេញនៅពាក់កណ្តាលខែឧសភាថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងពិចារណាបញ្ជូនសព្វាវុធបែបនេះទៅអ៊ុយក្រែនដោយមានប្រភពនិយាយថាទីក្រុងគៀវអាចដាក់ពង្រាយពួកវានៅខែវិច្ឆិកា។
អធិការបតី Olaf Scholz បាននិយាយថា ប្រព័ន្ធការពារដែនអាកាសគឺ “ទំនើបបំផុត” នៅក្នុងឃ្លាំងស្តុករបស់អាល្លឺម៉ង់ ហើយនឹង “អាចឱ្យអ៊ុយក្រែនការពារទីក្រុងធំមួយទាំងមូលពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី”៕