ពោធិ៍សាត់៖ ក្មេងទំនេីង២នាក់ ផឹកសុីស្រវឹងបានធ្វេីសកម្មភាពអុកឡុកដេញគប់ និងវាយកូនសិស្សលោកសង្ឃ បណ្តាលអោយត្រូវចំកូនសិស្ស លោកសង្ឃ០១នាក់រងរបួសស្រាល ករណីនេះកើតឡើងនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង កាលពីថ្ងៃពុធថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង៤០នាទី។
តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា សមត្ថកិច្នគរបាលបានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិជ្រែង ថាមានជនសង្ស័យចំនួន០២នាក់បានផឹកសុីស្រវឹងចូលមកធ្វេីសកម្មភាពអុកឡុកដេញគប់ និងវាយកូនសិស្សលោកសង្ឃ នៅក្នុងបរិវេណវត្តមុន្នីឧត្តម(ទួលម្កាក់)ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនេីងចំនួន០២ នាក់៖ ១-ឈ្មោះ មិត ម៉ៅ ហៅ(ក្អាត់)ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង។ ២-ឈ្មោះ ស៊ុយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង។
ករណីដេញវាយនិងបង្ករអុកឡុកក្នុងវត្តមុន្នីឧត្តមនេះ ក្រុមក្មេងទំនេីងទាំងនេះបានយកដុំឥដ្ឋគប់ទៅលើព្រះសង្ឃនិងកូនសិស្សលោកដែលកំពុងនាំគ្នាធ្វើសួនផ្កាក្នុងវត្តបណ្តាលអោយត្រូវចំកូនសិស្សលោកសង្ឃ០១ នាក់ឈ្មោះ នី រងរបួសស្រាល។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ