បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS បានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ នៅទីក្រុងគៀវ។ រូបថតនៃកិច្ចប្រជុំនេះត្រូវបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ។
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញតេឡេក្រាមថា «ប្រទេសកាណាដាស្ថិតក្នុងចំណោមប្រទេសនាំមុខគេដែលគាំទ្រដល់ប្រទេសអ៊ុយក្រែនសម្រាប់ការតស៊ូដើម្បីសេរីភាព។ ការពិតដែលថានាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃនេះជាមួយប្រជាជនអ៊ុយក្រែនពិតជាមានន័យណាស់សម្រាប់ពួកយើង។ ខ្ញុំជឿជាក់ថា យើងនឹងអាចទប់ទល់នឹងបញ្ហាប្រឈមទាំងអស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា»។
កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកាណាដាបានធ្វើទស្សនកិច្ចនៅទីក្រុង Ipren ដែលនៅជិតទីក្រុងគៀវ។ យោងតាមទូរទស្សន៍ CTV បានឱ្យដឹងថា លោកក៏បានលើកទង់ជាតិកាណាដានៅលើអគារស្ថានទូតរបស់ខ្លួននៅទីក្រុងគៀវផងដែរ។
ស្ថានទូតកាណាដាត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Lvov កាលពីដើមខែកុម្ភៈ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅអ៊ុយក្រែន លោក ទ្រូដូ ត្រូវបានអមដំណើរដោយឧបការីរបស់លោក គឺលោកស្រី គ្រីសទីយ៉ា ហ្វ្រ៊ីលែន និងរដ្ឋមន្ត្រីការបរទេស លោកស្រី មេឡានី ចូលី៕
ប្រភព៖ ក្រសួងព័ត៌មាន