ក្រុម​ប្រទេស G7 ប្តេជ្ញា​មិន​អោយ​រុ​ស្ស៊ី​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដាច់ខាត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​បណ្តា​មេដឹកនាំ​ក្រុម​ប្រទេស G7 បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​ពួក​គេ​ថា ប្រទេស​រុ​ស្ស៊ី​មិន​ត្រូវ​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។

សេចក្តីថ្លែងការណ៍​បាន​សរសេរ​ថា ក្រុម​ប្រទេស G7 និង​អ៊ុយ​ក្រែ​ន​តែង​មាន​គោល​ជំហរ​រួបរួម​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​នេះ ហើយ​ដើម្បី​ធានា​បាន​នូវ​អនាគត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ និង​វិបុលភាព​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ យើង​នៅ​តែ​រួបរួម​គ្នា​ក្នុង​ការ​តាំងចិត្ត​របស់​យើង​ដែល​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក ពូ​ទី​ន មិន​អាច​ឈ្នះ​សង្គ្រាម​របស់​លោក​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​ទេ​។ យើង​នៅ​ចង​ចាំ​ចំពោះ​អ្នក​ទាំងអស់​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព​កាលពី​ក្នុង​សង្គ្រាមលោក​លើក​ទី​ពីរ ហើយ​នៅ​ពេល​នេះ​យើង​នៅ​តែ​បន្ត​ការ​តស៊ូ​ដើម្បី​វា​នៅ​ថ្ងៃនេះ សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន សម្រាប់​អឺរ៉ុប និង​សម្រាប់​សហគមន៍​ពិភពលោក​។

កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ប្រកាស​ពី​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ដើម្បី​ឆ្លើយ​តប​នឹង​សំណើសុំ​ជំនួយ​ពី​ប្រមុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដុន​បាស​ស៍​។ លោក​បាន​សង្កត់ធ្ងន់​ថា ទីក្រុង​មូ​ស្គូ​មិន​មាន​ផែនការ​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ​។ បន្ទាប់​ពី​ការ​អនុវត្ត​នេះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដាក់​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ហើយ​បាន​ចាប់ផ្តើម​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕

ប្រភព៖ ក្រសួងព័ត៌មាន