នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា ប្រកាស​លាលែង​ពី​តំណែង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក Rohan Weliwita បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក Mahinda Rajapaksa បាន​លាលែង​ពី​តំណែង​ហើយ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា នាយក​រដ្ឋមន្ត្រី​អាយុ ៧៦​ឆ្នាំ​រូប​នេះ​បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ទៅ​កាន់​ប្អូនប្រុស​របស់​លោក​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្រី​លង្កា លោក Gotabaya Rajapaksa ដោយ​ជម្រះ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​រួបរួម​ថ្មី​មួយ​។

នៅ​ពេល​មុន​នេះ ព័ត៌មាន​អំពី​ការ​លាលែង​ពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។

កាលពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​បាន​ដាក់​បម្រាម​គោចរ​នៅ​ទូ​ទាំង​ប្រទេស និង​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្នុង​រដ្ឋធានី​កូ​ឡុំ​បូ ស្រប​ពេល​ដែល​កំពុង​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​អ្នកគាំទ្រ​រដ្ឋាភិបាល​នៅ​ខាងក្រៅ​ការិយាល័យ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ។ មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​បាតុករ​។

ប្រទេស​ស្រី​លង្កា​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​របស់​អង់គ្លេស​កាលពី​ក្នុង​ឆ្នាំ​១៩៤៨ មក​។ ប្រជាជន​បាន​និង​កំពុង​ទទួល​រង​នូវ​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ក៏​ដូច​ជា​ការ​ដាច់​ភ្លើង​ជា​ច្រើន​ខែ​។ វិបត្តិ​នេះ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​ប្រទេស​ស្រី​លង្កា​បាន​បាត់បង់​ប្រាក់​ចំណូល​ដ៏​សំខាន់​ដែល​ខ្លួន​ដែល​ទទួល​បាន​ពី​ទេសចរណ៍ និង​ការ​ផ្ញើ​ប្រាក់​។ វា​បាន​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​ការ​រឹត​បន្តឹង​ដ៏​តឹងរ៉ឹង​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​ទាំងមូល​។ ជា​លទ្ធផល ប្រទេស​ស្រី​លង្កា​មិន​អាច​សងបំណុល​បរទេស​ចំនួន ៥១​ប៊ី​លាន​ដុល្លារ​អាម៉េរិក​របស់​ខ្លួន​បាន​ទៀត​ទេ និង​បាន​ហាមឃាត់​ការ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​៕

ប្រភព៖ ក្រសួងព័ត៌មាន