អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​រុ​ស្សី​ចំនួន​៣៣ ក្រុមហ៊ុន​រុ​ស្ស៊ី​ចំនួន​២២ និង​នាវា​រុ​ស្ស៊ី​ចំនួន ៦៩​គ្រឿង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​បាន​បន្ថែម​បញ្ជី​ទណ្ឌកម្ម​របស់​ខ្លួន​ជាមួយនឹង​បុគ្គល​រុ​ស្សី​ចំនួន ៣៣​នាក់ ក្រុមហ៊ុន​រុ​ស្ស៊ី​ចំនួន ២២ និង​នាវា​ដែល​មាន​ទង់ជាតិ​រុ​ស្ស៊ី​ចំនួន ៦៩​គ្រឿង​ទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានឱ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​អនុវត្ត​ចំពោះ​ធនាគារ​ឧស្សាហកម្ម​មូ​ស្គូ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ដប់​របស់​ខ្លួន គឺ​ក្រុមហ៊ុន Agropromyshlenny Kompleks Voronezhski ក្រុមហ៊ុន​ជណ្តើរយន្ត Anninskii ក្រុមហ៊ុន​សវន​កម្ម Konsalt ក្រុមហ៊ុន Belinveststroi ក្រុមហ៊ុន Dve Stolitsy ក្រុមហ៊ុន Kontrakt ក្រុមហ៊ុន Ladoga ក្រុមហ៊ុន Nekommercheskaya Organizatsiya Fond Khimicheskoe Razoruzhenie I Konversiya ក្រុមហ៊ុន Azovskaya Zernovaya Kompaniya ក្រុមហ៊ុន Ekspluatiruyushchaya Kompaniya Tsentr​។

ទណ្ឌកម្ម​ទាំងនេះ​ក៏​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​ទៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចំនួន​បី​របស់​រុ​ស្ស៊ី គឺ​ទូរទស្សន៍ Channel One Russia ទូរទស្សន៍ Rossiya-1 និង​ទូរទស្សន៍ NTV​។

ក្រៅពី​នេះ បញ្ជី​ទណ្ឌកម្ម​នេះ​ក៏​រួម​មាន​នាយក​ប្រតិបត្តិ​ធនាគារ Sberbank ចំនួន ៨​នាក់ និង​នាយក​ប្រតិបត្តិ​ធនាគារ Gazprombank ចំនួន ២៥​នាក់​។ ឯកសារ​នេះ​បាន​និយាយ​ថា «​នាយក​ប្រតិបត្តិ​ពីរ​នាក់​នៃ​ធនាគារ GPB គី​លោក Andrey Igorevich Akimov (Akimov) និង​លោក Alexey Borisovich Miller (Miller) ត្រូវ​បាន​បាន​ដាក់​ទណ្ឌកម្ម​កាលពីមុន​ផង​ដែរ គឺ​នៅ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ ដោយ​អនុលោម​តាម E.O. 13661 ហើយ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ម្តងទៀត​នៅ​ថ្ងៃនេះ​»​។

ការ​ដាក់​ទណ្ឌកម្ម​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន Promtekhnologiya ដែល​ជា​ក្រុមហ៊ុន​ផលិត​កាំភ្លើង​ក្រោម​ម៉ាក​សញ្ញា ORSIS ផង​ដែរ​។ យោង​តាម​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា វា​គឺជា​ក្រុមហ៊ុន​ការពារ​ជាតិ​ឯកជន​ដែល​ផ្គត់ផ្គង់​ផលិតផល​របស់​ខ្លួន​ដល់​សេវាកម្ម​យោធា និង​ចារកម្ម​របស់​រុ​ស្ស៊ី​។ ឯកសារ​នេះ​បាន​អះអាង​ថា ក្រុម​ហុ​ន Promtekhnologiya បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​រដ្ឋាភិបាល​រុ​ស្ស៊ី​ជា​យូរ​មក​ហើយ​។

យោង​តាម​បញ្ជី​ទណ្ឌកម្ម​នេះ មាន​ក្រុមហ៊ុន​រុ​ស្ស៊ី​ចំនួន​ប្រាំបី​ទៀត​ដែល​ភ្ជាប់​ជាមួយ​ការ​រុករក ដែល​រួម​មាន​ទាំង​ក្រុមហ៊ុន Oboronlogistika ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រសួងការពារជាតិ​របស់​រុ​ស្ស៊ី ក្រុមហ៊ុន​ដឹក​ជញ្ជូន Severnoye Morskoye Parokhodstvo និង​ក្រុមហ៊ុន Transmorflot ។ ការ​ដាក់​ទណ្ឌកម្ម​ក៏​ត្រូវ​បាន​ដាក់​ទៅ​លើ​នាវា​ចំនួន ៦៩​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន