នាយក​រដ្ឋមន្ត្រី​ឥណ្ឌា និង​អឺរ៉ុប​ខាងជើង​អំពាវនាវ​ឱ្យ​បញ្ឈប់​អរិភាព​នៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា និង​បណ្តា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ជឿ​ថា ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គឺជា​ការ​ចាំបាច់​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​អនុម័ត​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Copenhagen ។

សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​ថា «​បណ្តា​នាយក​រដ្ឋមន្ត្រី​ទាំងនោះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​អំពី​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ពួក​គេ​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ស្លាប់​ជន​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ពួក​គេ​បាន​រំលឹក​ឡើង​វិញ​នូវ​តម្រូវការ​សម្រាប់​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​នេះ​»​។

សេចក្តីថ្លែងការណ៍​នោះ​បាន​ចង្អុលបង្ហាញ​ថា សណ្តាប់ធ្នាប់​ពិភពលោក​ទំនើប​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​ការ​គោរព​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​នានា​។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា «​ភាគី​ទាំងអស់​បាន​ពិភាក្សា​គ្នា​អំពី​ឥទ្ធិពល​អ​ស្ថេ​រ​ភាព​នៃ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ផល​ប៉ះពាល់​ក្នុង​តំបន់ និង​សកលលោក​ទាំងមូល​»​។

កិច្ចប្រជុំ​នោះ​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​ន​ដ្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ន័​រវេ​ស លោក ចូ​ណាស់ ហ្កា​ហ៍ ស្តូ​រ នាយក​រដ្ឋមន្ត្រី​ស៊ុ​យ​អែ​ត លោកស្រី មេ​ក​ដា​ឡេ​ណា អេ​ន​ដឺ​សុ​ន នាយក​រដ្ឋមន្ត្រី​អ៊ី​ស្លង់ លោកស្រី កា​ទ្រី​ន ចា​កូប​ស្តូ​ត​ទៀរ នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ លោកស្រី សាន់​ណា ម៉ា​រី​ន និង​នាយក​រដ្ឋមន្ត្រី ដា​ណឺ​ម៉ាក លោកស្រី មេ​ត​ត៍ ហ្វ្រេ​ដឺ​រីក​សិន ៕

ប្រភព៖ ក្រសួងព័ត៌មាន