ប្រទេស​រុ​ស្ស៊ី​ចង់​ក្លាយជា​ប្រទេស​ជិតខាង​ដ៏​ល្អជា​មួយ​តំបន់​អាស៊ី​កណ្តាល

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក ស៊ែរ​ហ្គេ​យ ឡាវ​រ៉ូ​វ បាន​និយាយ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Rossiyskaya Gazeta កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​រុ​ស្ស៊ី​កំពុង​ស្វែងរក​ការ​រក្សា​ទំនាក់ទំនង​ល្អ និង​ប្រកបដោយ​ការ​ស្ថាបនា​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ជា​ពិសេស​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​របស់​ខ្លួន​។

អ្នកការទូត​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រុ​ស្ស៊ី​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​តំបន់​អាស៊ី​កណ្តាល​ថា «​ក្នុង​នាម​ជា​សមាជិក​ដ៏​គួរ​ឱ្យ​ទុកចិត្ត​នៃ​សហគមន៍​អន្តរជាតិ ប្រទេស​រុ​ស្ស៊ី​កំពុង​ស្វែងរក​បរិយាកាស​ខាងក្រៅ​ប្រកបដោយ​ភាព​សប្បុរស ខណៈ​ដែល​នៅ​តែ​ជា​ប្រទេស​ជិតខាង​ល្អ និង​រក្សា​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ការ​ស្ថាបនា​ជាមួយ​ប្រទេស​ទាំងអស់ ជា​ពិសេស​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​។ យើង​មាន​ភាព​សោម​ន្ស​ស​ចំពោះ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល ដោយ​ភាគច្រើន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​យើង​»​។

លោក ឡាវ​រ៉ូ​វ បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​បាន​ចូលរួម​ក្នុង​របៀបវារៈ​ដ៏​មមាញឹក​ជាមួយ​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​ដើម្បី​អបអរសាទរ​ខួប​នេះ​។ លោក ឡាវ​រ៉ូ​វ បាន​សង្កត់ធ្ងន់​ថា ប្រទេស​រុ​ស្ស៊ី​ក៏​មើលឃើញ​នូវ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​វិស័យ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​តំបន់​អាស៊ី​កណ្តាល​ដែរ បើ​ទោះបីជា​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​មាន​ភាព​ច្របូកច្របល់​ក៏​ដោយ​។ លោក​បាន​និយាយ​បន្ថែម​ថា «​វិស័យ​ពាណិជ្ជកម្ម​កំពុង​មានការ​កើនឡើង​ជាមួយ​ស្ទើរតែ​គ្រប់​ប្រទេស​ក្នុង​តំបន់​» ដោយ​លោក​បាន​និយាយ​បន្ថែម ថា​ក្រៅពី​ទំនិញ ក៏​មានការ​កើនឡើង​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម គីមី ផលិតផល​ប្រេង ឱសថ លោហធាតុ រថយន្ត និង​សម្ភារៈ​ផង​ដែរ​។

អ្នកការទូត​កំពូល​រុ​ស្ស៊ី​រូប​នេះ​បាន​និយាយ​ថា «​នៅ​ចន្លោះ​រវាង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០២១ ការ​វិនិយោគ​របស់​រុ​ស្ស៊ី​ដែល​ប្រមូល​បាន​មាន​ចំនួន​ប្រហែល ៣០,៥​ប៊ី​លាន​ដុល្លារ​អាម៉េរិក​។ មាន​ក្រុមហ៊ុន​រុ​ស្ស៊ី និង​ក្រុមហ៊ុន​បណ្តាក់ទុន​សកម្ម​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ប្រមាណ ១០ ០០០​ក្រុមហ៊ុន ដែល​បង្កើត​ការងារ​បាន ៩០០០០០​កន្លែង​»៕

ប្រភព៖ ក្រសួងព័ត៌មាន