បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS បានអោយដឹងថាសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសម្តែងការត្រៀមខ្លួនរួចជាស្រេចក្នុងការទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីដំណោះស្រាយនៅអ៊ុយក្រែន។
សម្តេចបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Corriere della Sera ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា «ក្នុងរយៈពេល ២០ថ្ងៃបន្ទាប់ពីការកើតមានសង្គ្រាម ខ្ញុំបានស្នើសុំឱ្យលោក Pietro Parolin បញ្ជូនសារមួយទៅកាន់លោក ពូទីន ថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទៅកាន់ទីក្រុងម៉ូស្គូ»។ សម្តេចប៉ាបបាននិយាយបន្ថែមថា «យើងមិនទាន់បានទទួលការឆ្លើយតបទេ ហើយយើងនៅតែបន្តទទូចសុំ បើទោះបីជាខ្ញុំមានការបារម្ភថា លោក ពូទីន មិនអាច និងមិនធ្វើការជួបនេះក្នុងពេលបច្ចុប្បន្នក៏ដោយ»។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា សម្តេចនឹងមិនទៅទីក្រុងគៀវទេ។ សម្តេចបានពន្យល់ថា «ខ្ញុំបានបញ្ជូនលោក Michael Czerny និងលោក Konrad Krajewski ឱ្យទៅទីនោះបួនលើករួចហើយ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំមិនគួរទៅទេ។ ដំបូង ខ្ញុំត្រូវទៅទីក្រុងមូស្គូ ដោយជួបជាមួយលោក ពូទីន ជាមុនសិន»។
សម្តេចប៉ាបបាននិយាយបន្ថែមថា កិច្ចប្រជុំរបស់សម្តេចជាមួយព្រះសង្ឃរាជ Kirill នៃទីក្រុងមូស្គូដែលត្រូវបានគេសន្មត់ថានឹងធ្វើឡើងនៅទីក្រុងយេរុយសាឡឹមនៅថ្ងៃទី១៤ ខែមិថុនា។ ដូចដែលសម្តេចបាននិយាយនៅពេលមុននេះថា អ្នកការទូតរបស់បុរីវ៉ាទីកង់យល់ថា «កិច្ចប្រជុំនៅពេលនេះអាចនាំឱ្យមានការភ័ន្តច្រឡំដ៏ធំមួយ»។ និយាយដូច្នេះ សម្តេចប៉ាបបានពណ៌នាអំពីទំនាក់ទំនងរបស់សម្តេចជាមួយព្រះសង្ឃរាជរុស្ស៊ីដែលមានភាពល្អប្រសើរ៕
ប្រភព៖ ក្រសួងព័ត៌មាន