រុ​ស្ស៊ី​វាយ​កម្ទេច រោងចក្រ​ជួសជុលអាវុធរបស់អ៊ុយ​ក្រែ​ន​មួយ​កន្លែង​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ឧត្តមសេនីយ៍ Igor Konashenkov បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា យោធា​រុ​ស្ស៊ី​បាន​បំផ្លាញ​រោងចក្រ​យោធា​អ៊ុយ​ក្រែ​ន​ដែល​ប្រើ​សម្រាប់​ជួសជុល​ក្បាល​គ្រាប់​មី​ស៊ី​ល​ផ្លោង Tochka-U ។ រោងចក្រ​នេះ មា​នទី​តាំងនៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Dnepr របស់​អ៊ុយ​ក្រែ​ន ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា Dnepropetrovsk ។​

​ប្រភេទ​មី​ស៊ី​ល​ផ្លោង Tochka-U ផលិត​ដោយ​សូ​វៀត ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន ក្នុង​ជម្លោះ​ជាមួយ​រុ​ស្ស៊ី​។ ប្រភេទ​អាវុធ​នេះ គឺជា​អាវុធ​ដែល​យូរ​បំផុត​របស់​ក្រុង​កៀវ ដែល​អាច​បាញ់​ក្នុង​ចម្ងាយ​អតិបរមា​ដល់​ទៅ ១២០ គីឡូម៉ែត្រ​។ មី​ស៊ី​ល​នេះ អាច​ត្រូវ​បាន​បំពាក់​ជាមួយនឹង​ក្បាល​គ្រាប់​ជា​ច្រើន រួម​ទាំង​គ្រាប់បែក​ចង្កោម​ផង​ដែរ​៕