កងទ័ព​រុ​ស្ស៊ី​វាយប្រហារ​ពេញ​មួយ​យប់ កម្ទេច​បាន​រោងចក្រ​ផលិត​រថពាសដែក និង​ឃ្លាំង​អាវុធ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ឧត្តមសេនីយឯក Igor Konashenkov បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​ដោយ​ភាព​ជាក់លាក់​មួយ ដើម្បី​បំផ្លាញ​រោងចក្រ​ផលិត​រថពាសដែក​ក្នុង​ទីក្រុង​គៀវ និង​ឃ្លាំង​ជួសជុល​យោធា​នៅ​ទីក្រុង Nikolaev ភាគ​ខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​បាន​បន្ថែម​ថា គោលដៅ​ចំនួន ១៦​កន្លែង ត្រូវ​បាន​វាយប្រហារ​ពេញ​មួយ​យប់ រួម​មាន​អង្គភាព​យោធា​អ៊ុយ​ក្រែ​ន ឃ្លាំង​អាវុធ គ្រាប់រំសេវ និង​កន្លែង​រ៉ា​ដា​។​

​ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​ថា ខ្លួន​នឹង​បង្កើន​ការ​វាយប្រហារ​លើ​ទីក្រុង​គៀវ បន្ទាប់​ពី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​បាន​បាញ់​ផ្លោង​លើ​ទឹកដី​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្នុង​នោះ​ដែរ ខាង​ក្រុង​កៀវ​បាន​បដិសេធ ចំពោះ​ការ​វាយប្រហារ​លើ​ដី​រុ​ស្ស៊ី​មួយ​នេះ​៕