បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានក្រុមហ៊ុន Rheinmetall ដែលជាក្រុមហ៊ុនផលិតអាវុធធំមួយរបស់ប្រទេសអាឡឺម៉ង់ បានប្រាប់កាសែត Handelsblatt កាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន។
លោក Armin Papperger បានបង្ហាញថាក្រុមហ៊ុនរបស់គាត់កំពុងរៀបចំបញ្ជូនរថយន្ត Leopard 1 ដល់ទៅ ៥០គ្រឿង ដែលជាការបញ្ជូនលើកដំបូងអាចធ្វើទៅបានក្នុងរយៈពេលត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះ។ ប្រធានក្រុមហ៊ុន Rheinmetall បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ គួរតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ជាមុនសិន។
លោក Papperger បានពន្យល់ថា យ៉ាងហោចណាស់រថក្រោះមួយចំនួន ដែលអាចបញ្ជូនទៅអ៊ុយក្រែន គឺបានមកពីស្តុកត្រូវបានបញ្ឈប់ការប្រើប្រាស់ និងបញ្ជូនត្រឡប់ទៅក្រុមហ៊ុនផលិតដើមដោយកងទ័ព។ យោងតាមប្រធានក្រុមហ៊ុន ស្ថានភាពរថក្រោះកំពុងត្រូវបានត្រួតពិនិត្យនៅពេលនេះ៕