បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ប្រទេសចិនបានធ្វើការរិះគន់ចំពោះទណ្ឌកម្មដ៏ច្រើនដែលបានដាក់ដោយក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងមូស្គូជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយបាននិយាយថាការរឹតបន្តឹង គឺជាឧបករណ៍ខុសដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្ត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃចន្ទថា “ការកើនឡើងនៃទណ្ឌកម្មមិនមែនជួយសម្រាលស្ថានការណ៍នោះទេ ប៉ុន្តែគ្រាន់តែជាការបង្កើតបញ្ហាថ្មីសម្រាប់ពិភពលោក”។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនគួរតែលើកកម្ពស់សន្តិភាពជាមួយនឹងជំហានជាក់ស្តែង ជាជាងការព្យាយាមប្រើប្រាស់ទណ្ឌកម្មដើម្បីរក្សា “ជំហរអនុត្តរភាព” របស់ខ្លួន និងបង្កើត “ផលចំណេញខុសច្បាប់”៕