បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា បណ្តាប្រទេសនៅអឺរ៉ុបបានឆ្លើយតបទៅនឹងអ្វីដែលពួកគេនិយាយថាជាអំពើឃោរឃៅដែលប្រព្រឹត្តដោយទាហានរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយធ្វើការបណ្តេញនៅបុគ្គលិកទូតរុស្ស៊ីរាប់រយនាក់ចេញពីប្រទេសរបស់ខ្លួន។
ការបណ្តេញចេញនេះត្រូវបានធ្វើឡើង បន្ទាប់ពីរូបភាពនៃជនស៊ីវិលដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់នៅក្នុងទីក្រុង Bucha ភាគពាយព្យនៃរដ្ឋធានី Kiev របស់អ៊ុយក្រែន ត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ក្រុងគៀវបានចោទទាហានរុស្ស៊ីពីការសម្លាប់រង្គាលទៅលើជនស៊ីវិលក្នុងអ្វីដែលខ្លួនអះអាងថាជាអំពើប្រល័យពូជសាសន៍។ ទីក្រុងមូស្គូបានធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ ហើយបាននិយាយថា អ៊ុយក្រែន និងអ្នកគាំទ្របរទេសរបស់អ៊ុយក្រែនកំពុងធ្វើយុទ្ធនាការព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការយោធារបស់រុស្ស៊ី។
រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ភស្តុតាងអាក្រក់បន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីនឹងត្រូវរកឃើញក្នុងពេលឆាប់ៗ។ មន្ត្រីរុស្ស៊ីបានចោទប្រកាន់ថា ក្រុងកៀវមានផែនការបង្កហេតុបន្ថែមទៀត ហើយថាគោលដៅគឺដើម្បីរារាំងកិច្ចចរចាសន្តិភាពដែលកំពុងបន្តរវាងប្រជាជាតិទាំងពីរ៕