ទីក្រុង​ម៉ូ​ស្គូ​៖ ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​រវាង​រុ​ស្ស៊ី និង​អា​មេ​រិ​ក​អាច​នឹង​កើត​មានបាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក Anatoly Antonov ឯកអគ្គរដ្ឋទូត​របស់​ទីក្រុង​មូ​ស្គូ​ប្រចាំ​នៅ​វ៉ា​ស៊ី​ន​តោន បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា តាម​រយៈ​ការ​ផ្តល់​សព្វាវុធ​ចូល​ទៅ​ក្នុង​អ៊ុយ​ក្រែ​ន ពី​សំណាក់​ប្រទេស​លោក​ខាងលិច វា​អាច​ជា​ហានិភ័យ​មួយ​ដែល​ធ្វើ​អោយ​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី “​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​” ។​

​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​វាយលុក​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន បណ្តា​ប្រទេស​ណា​តូ និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​បដិសេធ​ពី​ការ​ចូលរួម​ផ្នែក​យោធា​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ ប៉ុន្តែ​ពួក​គេ​បាន​និង​កំពុង​ផ្តល់​អាវុធ និង​គ្រាប់រំសេវ​ដល់ទី​ក្រុង​កៀវ​យ៉ាង​សកម្ម​។ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ លោក​ឯកអគ្គរដ្ឋទូត​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Newsweek ថា​រដ្ឋ​លោក​ខាងលិច​គឺ “​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចុប្បន្ន​” និង​កំពុង​ញុះញង់​អោយ​មាន “​ការ​បង្ហូរឈាម​បន្ថែម​ទៀត​”​។ លោក Antonov បាន​ហៅ​សកម្មភាព​ទាំងនេះ​ថា​ជា “​គ្រោះថ្នាក់​” និង​ការ “​បង្កហេតុ​” ។​

​លោក​បន្ថែម​ថា “​សកម្មភាព​ពួក​គេ​អាច​ធ្វើ​អោយ​សហរដ្ឋអាមេរិក និង​សហព័ន្ធ​រុ​ស្ស៊ី​ដើរទៅ​កាន់​ផ្លូវ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​។ រាល់​ការ​ផ្គត់ផ្គង់​ជា​សព្វាវុធ និង​សម្ភារៈ​យោធា​ពី​លោក​ខាងលិច ដែល​ធ្វើ​ឡើង​ដោយ​ក្បួន​ដឹក​ជញ្ជូន​ទៅ​កាន់​ទឹកដី​អ៊ុយ​ក្រែ​ន គឺជា​គោលដៅ​យោធា​ស្របច្បាប់​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​”​។​

​កាលពី​ពីរ​ថ្ងៃមុន រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក Dmitry Kuleba បាន​ជំរុញ​ឱ្យ​ប្រទេស​ណា​តូ បន្ត​ផ្តល់ “​អាវុធ​បន្ថែម​ទៀត​” ដល់​ក្រុង​កៀវ ដោយ​ពន្យល់​ថា តាម​រយៈ​ការ​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៊ី គឺ​អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​ការពារ​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​សន្តិសុខ​របស់​សមាជិក​ប្លុក​ផង​ដែរ​៕