ប្រទេស​រុ​ស្ស៊ី​ប្រកាស​ទិញ​មាស ក្នុង​តម្លៃ​ណាមួយ ដែលអាច​ចរចា​បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​និយតករ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ធនាគារ​នៃ​ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើ​វិសោធនកម្ម​វិធីសាស្ត្រ​ទិញ​មាស​របស់​ខ្លួន​ដោយសារ​តែ​ការ​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក ហើយ​ឥឡូវនេះ​នឹង​ទិញ​មាស​ក្នុង “​តម្លៃ​ចរចា​” ។ គោលនយោបាយ​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែមេសា ឆ្នាំ​២០២២​នេះ​។​

​គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២២ ធនាគារកណ្តាល​បាន​និយាយ​ថា ខ្លួន​នឹង​ទិញ​មាស​ក្នុង​តម្លៃ​ថេរ ៥០០០​រូប (៥២ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ក្រាម​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​។ តម្លៃ​ថេរ​នេះ គឺ​ទាប​ជាង​តម្លៃ​ទីផ្សារ ដោយ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រហែល ៦២​ដុល្លារ​ក្នុង​មួយ​ក្រាម​។ វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​ដើម្បី​គាំទ្រ​ដល់​រូបិយប័ណ្ណ​ជាតិ​របស់​រុ​ស្ស៊ី ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន រួម​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ទីក្រុង​ម៉ូ​ស្គូ ជុំវិញ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​៕