បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កំពុងជួបប្រជុំគ្នានៅថ្ងៃពុធនេះ ជាមួយសមភាគីចិន លោក Wang Yi ជាលើកដំបូង ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមយុទ្ធនាការយោធា នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ខុសពីប្រទេសលោកខាងលិចភាគច្រើន និងបណ្តាប្រទេសអាស៊ីមួយចំនួន ទីក្រុងប៉េកាំង បានបដិសេធមិនថ្កោលទោស និងបានបដិសេធមិនដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយបន្ទាប់ពីបានមកដល់ទីក្រុង Tunxi ក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិនថា ប្រទេសជិតខាងនឹងធ្វើការដើម្បីសម្រេចបាននូវ “សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល យុត្តិធម៌ និងប្រជាធិបតេយ្យ”។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបង្ហោះរូបថតរបស់រដ្ឋមន្ត្រីទាំងពីរកំពុងស្វាគមន៍គ្នាដោយកែងដៃ។
ទីក្រុងប៉េកាំងបានអះអាងថា ការរឹដាក់ទណ្ឌកម្មសេដ្ឋកិច្ចនឹងធ្វើអោយប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ហើយនឹងមិនបានជួយដោះស្រាយបញ្ហាជម្លោះនោះទេ។ រដ្ឋមន្ត្រីដដែរបានទទូចឲ្យមានតែការសន្ទនា និងការទូតប៉ុណ្ណោះទើបអាចឈានដល់សន្តិភាព៕