ក្រសួងការពារជាតិ​រុ​ស្ស៊ី ចេញ​មក​បញ្ជាក់​តួលេខ​ទាហាន​ស្លាប់ និង​របួស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២២ ក្រសួងការពារជាតិ​រុ​ស្សី បាន​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ដ៏​កម្រ​មួយ ស្តី​ពី​ការ​ស្លាប់ និង​របួស ដែល​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ បាន​ទទួល​រង​គ្រោះ អំឡុង​ពេល​ការ​វាយលុក​យោធា​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ​។​

​លោក​វរសេនីយ៍ឯក Sergey Rudskoy អនុប្រធាន​អគ្គសេនាធិការ​រុ​ស្ស៊ី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ ថា “​ជា​អកុសល ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ពិសេស មានការ​ខាតបង់​ក្នុង​ចំណោម​សម​មិត្ត​រួម​អាវុធ​របស់​យើង​។ រហូត​មក​ដល់​ពេល​នេះ មាន​ទាហាន ១៣៥១ នាក់​បាន​ស្លាប់ និង ៣៨២៥ នាក់​បាន​រង​របួស​” ។​

​មន្ត្រី​រូប​នេះ​មិន​បាន​ផ្តល់​តួលេខ​ណាមួយ​អំពី​ទាហាន​ដែល​អាច​បាត់​ខ្លួន​ក្នុង​សកម្មភាព ឬ​ត្រូវ​បាន​ចាប់ខ្លួន​ជា​អ្នកទោស​ចំ​ពេល​មាន​ជម្លោះ​នោះ​ទេ​។ លោក Sergey Rudskoy បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ភាគី​អ៊ុយ​ក្រែ​ន​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ (​ប្រហែល ៣០០០០​នាក់​) ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មកនេះ​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​យោធា​រុ​ស្ស៊ី ទាហាន​អ៊ុយ​ក្រែ​ន​ប្រហែល ១៤០០០ នាក់​ត្រូវ​បាន​សម្លាប់ និង ១៦០០០ នាក់​ទៀត​បាន​រង​របួស​។​

​លោក​បាន​បន្ថែម​ថា យោធា​អ៊ុយ​ក្រែ​ន​បាន​បន្ត​ការ​ខាតបង់​យ៉ាងច្រើន​ចំពោះ​សព្វាវុធ ដោយ​មាន​រថក្រោះ​ជិត ១៦០០ គ្រឿង និង​រថពាសដែក​ផ្សេង​ទៀត​ត្រូវ​បាន​បំផ្លាញ​។ ដោយ​លោក​បាន​បន្ថែម​ថា ការ​វាយលុក​របស់​រុ​ស្ស៊ី​បាន​បំផ្លាញ​កងទ័ពអាកាស និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​របស់ Kiev យ៉ាងច្រើន​៕