រុ​ស្ស៊ី ព្រមាន​នៅ​ការ​កើនឡើង​នៃ​តម្លៃ​ឧស្ម័ន ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ឧបនាយករដ្ឋមន្ត្រី​រុ​ស្ស៊ី និង​ជា​អតីតរដ្ឋមន្ត្រី​ថាមពល លោក Alexander Novak បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​កើនឡើង​នៃ​តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​ក្នុង​កម្រិត ៤០០០ ដុល្លារ​ក្នុង ១០០០ ម៉ែត្រគូប នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយសារ​តែ​បរិមាណ​ឧស្ម័ន​នៅ​ក្នុង​កន្លែង​ស្តុក​ទុក គឺ​តិច​ជាង​ឆ្នាំ​មុន​យ៉ាងច្រើន​។​

​លោក​បាន​បញ្ជាក់​ថា ការ​ហាមប្រាម​លើ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី​អាច​បណ្តាល​ឱ្យ​មានការ​គាំង​ទីផ្សារ​ថាមពល​របស់​អឺរ៉ុប​។ លោក​បាន​បន្ថែម​ទៀត​ថា “​វា​ច្បាស់​ណាស់​ថា បើ​គ្មាន​អ៊ី​ដ្រូ​កាបូន​របស់​រុ​ស្ស៊ី ប្រសិនបើ​ទណ្ឌកម្ម​ត្រូវ​បាន​ដាក់ នោះ​ទីផ្សារ​ឧស្ម័ន និង​ប្រេង​នឹង​ដួល​រលំ​។ ការ​កើនឡើង​នៃ​តម្លៃ​សម្រាប់​ធនធាន​ថាមពល​នឹង​មិន​អាច​ទាយ​ទុកជា​មុន​បាន​”​។​

​លោក​បាន​ចង្អុលបង្ហាញ​ថា ការ​ហាមប្រាម​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​លើ​ផលិតផល​ឧស្ម័ន និង​ប្រេង​របស់​រុ​ស្ស៊ី បាន​នាំ​ឱ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក​រួច​ទៅ​ហើយ​  គឺ​ដល់ទី ១៩% ។ ទន្ទឹម​នឹង​នេះ​ចំណែក​ទីផ្សារ​នៃ​ធនធាន​ថាមពល​ក្នុងស្រុក​នៅ​សហរដ្ឋអាមេរិក​មាន​ត្រឹមតែ ៣%​ប៉ុណ្ណោះ ដែល​ជា​ការ​នាំ​ចេញពី​រុ​ស្ស៊ី​៕