ប្រធាន​ធិ​បតី​អា​មេ​រិ​ក នឹង​ទៅ​ប្រទេស​មួយ​ជាប់​ព្រំប្រទល់​នឹង​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ទីក្រុង​គៀវ និង​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​ចំពោះ​ការ​វាយលុក​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​យោង​តាម​លេខាធិការ​សារព័ត៌មាន​សេត​វិមាន​លោកស្រី Jen Psaki បាន​បញ្ជាក់​ថា​លោក Joe Biden នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូ​ឡូញ លោក Andrzej Duda ក្នុង​ទីក្រុង Warsaw នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​អំពី​វិធី​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន “​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​”​។​

​កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Joe Biden បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក ដើម្បី​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូ និង​មន្ត្រី​សហភាព​អឺរ៉ុប ដើម្បី “​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​ប្រទេស​រុ​ស្ស៊ី​”៕