បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទិ២០ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា ប្រព័ន្ធការពារដែនអាកាស Patriot របស់អង្គការ NATO បានមកដល់ប្រទេសស្លូវ៉ាគី ជាបណ្តើរៗហើយកាលពីថ្ងៃអាទិត្យ ហើយការដាក់ពង្រាយរបស់ពួកគេគ្រោងនឹងបន្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសស្លូវ៉ាគី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ NATO ក្នុងការជំរុញការការពារប្រទេសជាសមាជិកអឺរ៉ុបខាងកើតរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រទេសស្លូវ៉ាគី ដែលជាសមាជិកមួយរបស់ NATO និង EU មានប្រជាជនចំនួន ៥.៥លាននាក់ និងមានព្រំដែនប្រវែង ១០០គីឡូម៉ែត្រ (៦២ម៉ាយ) ជាមួយអ៊ុយក្រែន។
លោក Jaroslav Nad បានសរសេរនៅក្នុងហ្វេសប៊ុក ថា “ប្រព័ន្ធការពារដែនអាកាស Patriot នឹងត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Sliac ។ ទីតាំងដែលត្រូវដាក់ពង្រាយបន្ថែមទៀតកំពុងត្រូវបានពិចារណា … ដូច្នេះឆ័ត្រសន្តិសុខរបស់ NATO នឹងគ្របដណ្តប់ផ្នែកដែលអាចធ្វើទៅបាននៃទឹកដីស្លូវ៉ាគី”៕