បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងពិសេសរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសជាង ១០០នាក់ ។
ក្នុងនោះអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន នៅជិតទីក្រុង Ovruch ក្នុងតំបន់ Zhytomyr ភាគខាងជើង ដែលជាកន្លែងទទួលទាហានស៊ីឈ្នួល ត្រូវបានកំណត់ជាគោលដៅ និងធ្វើការវាយប្រហារដោយ “កាំជ្រួចបាញ់តាមអាកាសដែលមានភាពជាក់លាក់ចំពោះគោលដៅខ្ពស់” ។
លោកបានបន្ថែមថា ការវាយប្រហារតាមអាកាសបានសម្លាប់កងទ័ពពិសេសអ៊ុយក្រែនជាង ១០០នាក់ និងទាហានស៊ីឈ្នួលបរទេស។
គួរបញ្ជាក់ថាមួយសប្តាហ៍មុន រុស្ស៊ីបានបំផ្លាញមូលដ្ឋានទាហានស៊ីឈ្នួលមួយផងដែរនៅ Yavoriv ក្នុងតំបន់ Lviv ភាគខាងលិច ដោយក្នុងនោះ យុទ្ធជនបរទេសរហូតដល់ ១៨០នាក់ត្រូវបានសម្លាប់នៅទីនោះ៕