បរទេស៖ នេះពើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថានេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ សាជីវកម្មប្រេង Hindustan Petroleum Corporation (HPCL) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌាបានសម្រេចទិញប្រេងរុស្ស៊ីចំនួន ២លានបារ៉ែលសម្រាប់ក្នុងខែឧសភាខាងមុខ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានប្រេងឆៅពីទីក្រុងម៉ូស្គូក្នុងការបញ្ចុះតម្លៃ ។
ប្រេងឆៅត្រូវបានលក់ដោយពាណិជ្ជករអឺរ៉ុប Vitol និងជាកិច្ចព្រមព្រៀងទីពីរ ខណៈដែលសាជីវកម្មប្រេងឥណ្ឌា (IOC) បានទិញប្រេងឆៅ Urals របស់រុស្ស៊ីចំនួន ៣លានបារ៉ែលកាលពីដើមសប្តាហ៍នេះដោយបញ្ចុះតម្លៃពី ២០ ទៅ ២៥ ដុល្លារក្នុងមួយធុងសម្រាប់ចែកចាយក្នុងខែឧសភា៕