បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២កន្លងមក បានអោយដឹងថានៅក្នុងអំឡុងនៃកិច្ចចរចាលើកទី២ នៅក្នុងប្រទេសបេឡារុស្ស កាលពីថ្ងៃព្រហស្បតិ៍ រវាងទីក្រុងមូស្គូ និងក្រុងគៀវ បានធ្វើកាព្រមព្រៀងគ្នាលើយន្តការដើម្បីបង្កើតច្រកដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។
ក្នុងនោះលោក Mikhail Podolyak ជំនួយការប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា “ភាគីទាំងសងខាងបានឈានដល់ការយោគយល់គ្នាលើការបង្កើតច្រករបៀងមនុស្សធម៌ រួមជាមួយនឹងបទឈប់បាញ់បណ្តោះអាសន្ន។ រុស្ស៊ី និងអ៊ុយក្រែននឹងបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំច្រករបៀងទាំងនេះ”។
ក្នុងនោះប្រធានគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បានបញ្ជាក់ពីការរីកចម្រើនចំពោះការចរចាគ្នា ដោយបញ្ជាក់ថា ភាគីទាំងពីរបានដោះស្រាយនៅ “បញ្ហាចម្បង” នៃការជួយសង្គ្រោះជីវិតជនស៊ីវិល។ លោកបានបន្ថែមថា អ្នកចរចាក៏បានរកឃើញចំណុចរួមលើបញ្ហាលេចធ្លោផ្សេងទៀត ដូចជាបញ្ហាយោធា និងមនុស្សធម៌ និងការផ្សះផ្សានយោបាយនាពេលអនាគត៕