បរទេស៖ កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការពារជាតិប្រទេសលីទុយអានីបាននិយាយថាប្រទេសចំនួនប្រាំមួយរបស់សហភាពអឺរ៉ុបកំពុងបញ្ជូនក្រុមអ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធ បច្ចេកវិទ្យាទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយដោះស្រាយការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួនចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន ។
អនុរដ្ឋមន្ត្រីការពារជាតិលោក Margiris Abukevicius បាននិយាយ កាលពីថ្ងៃចន្ទថា ជាការឆ្លើយតបទៅនឹងសំណើរបស់អ៊ុយក្រែន ប្រទេសលីទុយអានី ហូឡង់ ប៉ូឡូញ អេស្តូនី រូម៉ានី និងក្រូអាតនឹងបញ្ជូនក្រុមអ្នកជំនាញដែលពួកគេបានបង្កើតមុននេះ ដើម្បីជួយប្រទេសសហភាពអឺរ៉ុប ស្ថាប័ន និងដៃគូផ្សេងទៀតក្នុងការទប់ទល់នឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបានប្រាប់អ្នកយកសារព័ត៌រ៉យទ័រថា “ប្រទេសអ៊ុយក្រែនប្រហែលជាត្រូវការជំនួយដើម្បីដោះស្រាយឧប្បត្តិហេតុជាក់លាក់ ឬការគាំទ្រដើម្បីសាកល្បងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ក្នុងការស្វែងរកភាពទន់ខ្សោយផ្នែកសន្តិសុខ” ។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា ក្រុមអ្នកលួចទិន្ន័យរបស់យោធា រុស្ស៊ីបាននៅពីក្រោយការវាយប្រហារនៃការចែកចាយមេរោគប្រភេទ DDoS ដែលបានវាយលុកធនាគារ និងគេហទំព័ររដ្ឋាភិបាលរបស់អ៊ុយក្រែនដោយបានបិទគេហទំព័រទាំងនោះក្នុងរយៈពេលខ្លី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ