កប៉ាល់ដឹកទំនិញដែលគេបោះបង់ចោល ឬ “កប៉ាល់ខ្មោច” មួយគ្រឿងត្រូវបានគេរកឃើញនៅក្នុងដែនទឹកភាគខាងត្បូងនៃឈូងសមុទ្រថៃ ក្បែរឆ្នេរខេត្ត Nakhon Si Thammarat កាលពីយប់ថ្ងៃសៅរ៍ ។
កប៉ាល់ដឹកទំនិញចិន ដែលគេបោះបង់ចោលនោះត្រូវ បានប្រទះឃើញដោយបុគ្គលិកធ្វើការនៅកន្លែងខួងយកប្រេង នៅឈូងសមុទ្រ ហើយគ្មាននរណាម្នាក់នៅលើនាវានោះទេ ។
បុគ្គលិកនៅស្ថានីយ៍ខួង Chevron បានរាយការណ៍អំពីកប៉ាល់នេះទៅកាន់ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី ២ ក្នុងខេត្ត Songkhla ភាគខាងត្បូង ។ អាជ្ញាធរបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតភ្លាមៗ ហើយបានបញ្ជូនយន្តហោះគ្មានមនុស្សបើកដើម្បីរកមើលថាតើពួកគេអាចអូសកប៉ាល់ទៅចតនៅទន្លេ Pak Nam Tapi ក្នុងស្រុក Muang នៃខេត្ត Surat Thani ដែរឬទេ ។
ទោះបីជាកងទ័ពជើងទឹកព្យាយាមទាញកប៉ាល់ចេញពីសមុទ្រក៏ដោយ ប៉ុន្តែវាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរទៅហើយ ហើយឧបករណ៍នាវាចរណ៍ភាគច្រើនរួមទាំងយុថ្កាត្រូវបានខូច បន្ទប់ម៉ាស៊ីនត្រូវបានជន់លិច ប៉ុន្តែអាគុយភ្លើងរបស់កប៉ាល់មានថាមពលគ្រប់គ្រាន់សម្រាប់បំភ្លឺភ្លើង ហើយអាជ្ញាធរ ត្រូវ បូមទឹកប្រហែលពាក់កណ្ដាល ចេញ ពីកប៉ាល់នោះ ។
ចំណែកប្រភពមួយ ប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កប៉ាល់នេះប្រហែលជាអណ្តែតចូលក្នុងដែនទឹកថៃ បន្ទាប់ពីធ្វើការនៅប្រទេសវៀតណាម៕