អីយ៉ា​ស់​! Cristiano Ronaldo ហៅ​ភ្នាក់ងារ​របស់​គាត់​មកជួប​ពិភាក្សា​បន្ទាន់

0

កាសែត The Sun បាន​រាយការណ៍​ថា Cristiano Ronaldo បាន​ធ្វើការ​ពិភាក្សា​បន្ទាន់​ជាមួយ​ភ្នាក់ងារ​របស់​គាត់ Jorge Mendes អំពី​អនាគត​របស់​គាត់​នៅ Manchester United ។ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​លទ្ធផល​មិនល្អ​នា​ពេល​ថ្មី​ៗ​នេះ ហើយ​កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​បន្ទាប់​របស់​គាត់ ដោយសារ​ស្ថានភាព​មិនសូវ​ល្អ​របស់​បិសាច​ក្រហម​ក្នុង Premier League នា​ពេល​ចុង​ក្រោយ​នេះ​។

កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់កំ​ពុង​ស្វែងរក​ការ​បន្ថែម​កេរ្តិ៍ឈ្មោះ​របស់​គាត់​នៅ United ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា​ការ​ផ្លាស់​ប្តូរ​នេះ អាច​ធ្វើ​អោយ​ខូច​មុខមាត់​របស់​គាត់​។ ភ្នាក់ងារ​របស់​គាត់​គឺ​លោក Mendes បាន​ជិះ​យន្តហោះ​ដើម្បី​ជជែក​ជាមួយ​អតិថិជន​ដ៏​សំខាន់​អំពី​អានា​គត​។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សន្ទនា​គ្នា​យ៉ាង​យូរ អំពី​សកម្មភាព​បន្ទាប់​របស់​ពួក​គេ​។

ប្រភព​ស្និទ្ធ​នឹង​កីឡាករ​រូប​នេះ​បាន​បង្ហើប​ថា​៖ «Cristiano មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ United​។ ក្រុម​នេះ​កំពុង​ទទួល​បានការ​រិះគន់​ជា​ច្រើន ហើយ​គាត់​ដឹង​ថា​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកដឹកនាំ​ម្នាក់​។ មាន​បញ្ហា​ច្រើន​ណាស់ ហើយ Cristiano កំពុង​មាន​សម្ពាធ និង​មាន​ភាព​តានតឹង​ខ្លាំង​ចំពោះ​ស្ថានការណ៍​នេះ​»​។

«​គាត់​ពិតជា​ចង់ឱ្យ​ការ​ផ្លាស់​ទៅ United របស់​គាត់​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​គាត់​កំពុង​ចាប់ផ្តើម​ទទួលស្គាល់​ថា ការ​ឈ្នះ​ពានរង្វាន់​ជាមួយនឹង​ការ​រៀបចំ​បច្ចុប្បន្ន​អាច​ជា​ការ​លំបាក​។ Jorge បាន​មក​ជួប​គាត់ ហើយ​ពួក​គេ​បាន​ចំណាយពេល​ជជែក​គ្នា​អំពី​ស្ថាន​ការ​ដ៏​តឹងតែង​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​»៕