ម៉ា​ឡេ​ស៊ី និង​ថៃ យល់ព្រម​បើក​ច្រកព្រំដែន​ចំនួន ២​ឡើង​វិញ

0

បរទេស​៖ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ទទួលយក​សំណើ​របស់​ប្រទេស​ថៃ​ក្នុង​ការ​បើក​ឡើង​វិញ​នូវ​ច្រកព្រំដែន Tak Bai និង Buke Ta របស់​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​ដែល​ត្រូវ​បាន​បិទ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jurin Laksanawisit បាន​រំពឹង​ថា ការ​បើក​ច្រកព្រំដែន​ទាំង​ពីរ​នោះ​ឡើង​វិញ​នៅ​ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​នៅ​ភាគ​ខាងត្បូង​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នឹង​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​កើនឡើង​យ៉ាង​ហោច​ណាស់ ៦០០​លាន​បាត (១៨,៣២​លាន​ដុល្លារ​អាម៉េរិក​) ក្នុង​មួយ​ឆ្នាំ​។

សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​ថា លោក​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​បន្ថែម​ថា ប្រទេស​ថៃ​មាន​ច្រកព្រំដែន​ចំនួន ៩៧ ជាមួយនឹង​ប្រទេស​ជិតខាង ហើយ​នៅ​ក្នុង​នោះ ច្រកព្រំដែន​ចំនួន ៤៦ បាន​ដំណើរការ​ឡើង​វិញ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ប្រសើរ​ឡើង​។

លោក​រដ្ឋមន្ត្រី​រូប​នេះ​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​នេះ​ថា «​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​មាន​តម្លៃ ១,២៧​ទ្រី​លាន​បាត ដែល​បាន​កើនឡើង ៣១,៦៧​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ក្នុង​ឆ្នាំ​២០២០​។ ការ​នាំ​ចេញ​បាន​រួមចំណែក ៧៧៨,៣៦​ប៊ី​លាន​បាត ដែល​កើនឡើង​បាន ៣៨,០៦​ភាគរយ ខណៈ​ដែល​ការ​នាំ​ចូល​មាន​តម្លៃ ៤៩៧,១៧​ប៊ី​លាន​បាត ដែល​កើនឡើង​បាន ២២,៧៨​ភាគរយ​»​។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​ដែន​លំដាប់​ទី​១ របស់​ប្រទេស​ថៃ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​កត់ត្រា​ចំនួន ២៣៩​ប៊ី​លាន​បាត ដែល​កើនឡើង​បាន ៣៦,៤៧​ភាគរយ​៕

ប្រភព៖ ក្រសួងព័ត៌មាន