ស្លាប់​៤​នាក់ និង​១០០​នាក់​ទៀត​រក​មិន​ទាន់​ឃើញ ក្នុង​ហេតុការណ៍​បាក់​អគារ​មួយ​កន្លែង

0

មាន​មនុស្ស​រហូត​ដល់​ទៅ ១០០​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​អគារ​ដ៏​ខ្ពស់​មួយ​ដែល​កំពុង​សាងសង់​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម Lagos របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​បាក់​កាលពី​ថ្ងៃ​ចន្ទ​ទី ១​ខែវិច្ឆិកា ធ្វើ​ឲ្យ​កម្មករ​សំណង់​ត្រូវ​កប់​នៅ​ក្រោម​គំនរ​បាក់បែក​។

សាកសព​មនុស្ស​៤​នាក់​ត្រូវ​បាន​រក​ឃើញ ហើយ​យ៉ាង​ហោច​ណាស់​អ្នក​នៅ​រស់រាន​មានជីវិត​បី​នាក់​ត្រូវ​បាន​ទាញ​ចេញ​កាលពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រឹងប្រែង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បាន​ទាន់​ពេលវេលា នៅ​កន្លែង​កើតហេតុ​ក្នុង​សង្កាត់ Ikoyi​។ កម្មករ​បាន​ប្រាប់​រ៉​យ​ទ័​រថា ប្រហែលជា​មាន​មនុស្ស ១០០​នាក់​កំពុងធ្វើការ នៅ​ពេល​ដែល​អគារ​នេះ​បាក់​។

រដ្ឋាភិបាល​រដ្ឋ Lagos បាន​និយាយ​ថា អគារ​នេះ​មាន​កម្ពស់ ២២​ជាន់ ហើយ​អាជ្ញាធរ​កំពុង​វាយតម្លៃ​ថា តើ​មានការ​ខូចខាត​ដល់​អគារ​នៅ​ក្បែរ​នោះ​ឬ​ក៏​អត់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មូលហេតុ​ដែល​នាំ​ឲ្យ​អគារ​នេះ​បាក់ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា ការ​បាក់​អគារ គឺ​កើត​មាន​ជា​ញឹកញាប់​នៅ នី​ហ្សេ​រី​យ៉ា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ទ្វីបអាហ្វ្រិក​។ បទ​ប្បញ្ញត្តិ​សាងសង់​អគារ​នៅ​ក្នុង​ប្រទេស​នេះ មិនសូវ​ត្រូវ​បាន​គេ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​នោះ​ទេ ហើយ​សម្ភារៈ​សំណង់​ជា​ច្រើន មិន​ត្រូវ​តាម​ស្តង់ដារ​ឡើយ​៕