ជាការពិតណាស់ ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងប្តូរឈ្មោះទៅជា «Meta» ដែលជាការប្តូរឈ្មោះថ្មី ដែលកើតឡើង នៅពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខ នឹងការរិះគន់ពីអ្នកច្បាប់ និងនិយតករ ជុំវិញការអនុវត្តអាជីវកម្មរបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបន្ថែមថា ឈ្មោះ «Meta» ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួន លើចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបង្កើត «Metaverse»។
លោក Zuckerberg បាននិយាយថា៖ «ឥឡូវនេះ ម៉ាករបស់យើងត្រូវបានភ្ជាប់យ៉ាងតឹង ទៅនឹងផលិតផលមួយ ដែលវាមិនអាចតំណាង ឲ្យអ្វីគ្រប់យ៉ាងដែលយើង កំពុងធ្វើនាពេលបច្ចុប្បន្ននេះឡើយ ហើយនេះមិនទាន់និយាយ ពីពេលអនាគតផង»។
ក្រុមហ៊ុនបណ្តាញសង្គមយក្ស ខាងលើបានឲ្យដឹងថា ការផ្លាស់ប្តូរឈ្មោះនឹងនាំមកនូវ ផលិតផល និងកម្មវិធីផ្សេងៗគ្នារបស់ខ្លួនរួមគ្នា នៅក្រោមឆ័ត្រតែមួយ។ គួរបញ្ជាក់ដែរថា ឈ្មោះ កម្មវិធីបណ្តាញសង្គមដ៏ពេញនិយមដែលក្រុមហ៊ុន Facebook មានដូចជា Facebook, Instagram, Messenger និង WhatsApp នឹងមិនមានការផ្លាស់ប្តូរឈ្មោះនោះទេ ពោលគឺប្តូរតែឈ្មោះក្រុមហ៊ុន Facebook ទៅជា Meta ប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានបន្ថែមដែរថា ការដាក់ឈ្មោះថ្មី ក៏នឹងមិនផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនដែរ៕