Paris Saint-Germain និង Real Madrid កំពុងតែប្រជែងគ្នាក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Haaland ប៉ុន្តែខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញ។
Borussia Dortmund បានព្យាយាមរក្សា Haaland នៅក្លឹបកាលពីរដូវក្តៅមុន ប៉ុន្តែកំពុងរំពឹងថានឹងមានការដេញថ្លៃធំពីរពី PSG និង Real Madrid នៅរដូវក្តៅក្រោយ។
ក្លឹបអ្នកមានរបស់បារាំងទំនងជាអាចបាត់បង់ Kylian Mbappe ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។ Mbappe នឹងមានសិទ្ធិចាប់ផ្តើមការចរចារជាមួយក្លឹបផ្សេងចាប់ពីខែមករា ឆ្នាំ ២០២២។ PSG គឺជាក្រុមដែលអស្ចារ្យទោះបីជាគ្មាន Mbappe ក៏ដោយ ប៉ុន្តែពួកគេត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការដេញថ្លៃដ៏សម្បើម ដើម្បីចុះហត្ថលេខាលើ Haaland នៅរដូវក្តៅក្រោយ។
កីឡាករអន្តរជាតិន័រវេសបច្ចុប្បន្នទើបតែជាសះស្បើយពីបញ្ហាត្រគាក ហើយបានស៊ុតបាល់បញ្ចូលទីមិនគួរឱ្យជឿចំនួន ៩ គ្រាប់ក្នុងការប្រកួត Bundesliga ត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះ មុនពេលរបួស។ Real Madrid និង PSG នឹងពិចារណាលើតម្លៃផ្តាច់កុងត្រាចំនួន ៩០ លានអឺរ៉ូ ដែលកំណត់ដោយ Borussia Dortmund ដែលជាតម្លៃដ៏ល្អនៅក្នុងលទ្ធភាពរបស់ក្រុមទាំងពីរ៕