ខ្សែបម្រើអន្តរជាតិកូឡុំប៊ី James Rodriguez បានបង្ហាញខ្លួនលើកទី២លើទីលានសម្រាប់ក្លិបកាតា ក្រោយចាកចេញពី Everton ដោយក្រុមរបស់គេ Al-Rayyan បានបរាជ័យ ២-១ ទល់នឹង Al-Arabi កាលពីថ្ងៃសៅរ៍។
កីឡាករវ័យ៣០ឆ្នាំរូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ចំពោះការបង្ហាញការខឹងសម្បារដាក់អាជ្ញាកណ្ដាល ដែលនាំឱ្យគេទទួលបានកាតក្រហមមុនការប្រកួតបញ្ចប់។
នៅក្នុងម៉ោងបន្ថែមនៃវគ្គទី២ James មានការប៉ះទង្គិចគ្នាជាមួយនឹងគូប្រកួតរបស់គេគឺកីឡាករ Aaron Boupendza នៅកៀកប្រអប់គ្រោះថ្នាក់។
ទោះបីជាអាជ្ញាកណ្ដាលបានផ្ដល់បាល់ហ្វ្រីឃីគ ប៉ុន្ដែខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះ ទទួលបានកាតលឿង ដោយសារគេមានការតវ៉ាយ៉ាងក្ដៅគគុកជាមួយអាជ្ញាកណ្ដាល។
James បានតវ៉ាកាន់តែខ្លាំង ស្របពេលមិត្តរួមក្រុមបានព្យាយាមរារាំងគេ មិនឱ្យចូលជិតអាជ្ញាកណ្ដាល។ ក្រោយមកគេក៏ទទួលបានកាតលឿងទី២ ដែលស្មើនឹងកាតក្រហម។
ហើយអតីតកីឡាករ Real Madrid រូបនេះ បានទះដៃចំអកដល់អាជ្ញាកណ្ដាល ដែលបានផ្ដល់កាតក្រហមដល់គេ ព្រមទាំងបានដោះអាវ ដើរចេញពីទីលានទាំងអារម្មណ៍មួរម៉ៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=zRSb5gQiwys