CNN៖ យ៉ាងហោចណាស់ យោធាអាមេរិកចំនួន ១៣នាក់និងជនជាតិអាហ្វហ្គានីស្ថាន យ៉ាងតិច ៦០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល។
ការផ្ទុះដ៏សាហាវនេះ បានកើតឡើងចំពេល ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ព្យាយាមបញ្ចប់ការជម្លៀសប្រជាជន និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ កាន់កាប់ប្រទេសនេះ។
មន្រ្តីម្នាក់នៅក្រសួងសុខាភិបាល អាហ្វហ្គានីស្ថានបានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦០ នាក់បានស្លាប់និង ១៤០ នាក់ទៀតរងរបួស។
យោធាអាមេរិកចំនួន ១៨នាក់ បានរងរបួសបន្ថែមពីលើអ្នកស្លាប់ទាំង ១៣ នាក់។ នេះបើតាមការបញ្ជាក់របស់លោក Bill Urban នៃបញ្ជាការកណ្តាលអាមេរិក (Centcom)។
សូមជម្រាបថា ក្រុម ISIS នៅខេត្ត Khorasan ដែលគេស្គាល់ថា ISIS-K បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS បានធ្វើការវាយប្រហារអត្តឃាតនេះ។
កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងពីហានិភ័យ នៃការវាយប្រហារភេរវកម្មថា ជាហេតុផលដែលនាំឲ្យកងទ័ពអាមេរិក ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី៣១ ខែសីហា។
មន្រ្តីអាមេរិកបានព្រមាន កាលពីសប្តាហ៍មុនថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម នៅព្រលានយន្តហោះកាន់តែ មានភាពស្រួចស្រាវទៅៗ។
ហើយកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រុមអ្នកការទូតអាមេរិកនៅទីក្រុងកាប៊ុល បានព្រមានពលរដ្ឋអាមេរិក ឲ្យចាកចេញភ្លាមៗតាមច្រកនានា ចូលទៅក្នុងអាកាសយានដ្ឋាន ដោយលើកឡើងពីការ គំរាមកំហែងសន្តិសុខ ៕



