Reuters៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ចំពោះករណីបំផ្ទុះគ្រាប់អត្តឃាត នៅក្បែរព្រលានយន្តហោះ ក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ថាជាការវាយប្រហារភេរវកម្មដែលបានសម្លាប់ និងរបួសជនស៊ីវិលរាប់រយនាក់ ។
ការផ្ទុះដ៏សាហាវចំនួន ៣លើកបានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីអង់គ្លេស និងអាមេរិកបានព្រមានពលរដ្ឋ និងសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យ នៅឆ្ងាយពីព្រលានយន្តហោះ ដោយសារមានរបាយការណ៍បង្ហាញថា “ការគំរាមកំហែងខ្ពស់ នៃការវាយប្រហារភេរវកម្ម” កំពុងកើតមានឡើង ចំពេលមានការខិតខំប្រឹងប្រែង ដកទ័ពនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាម ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “ឧបទ្ទវហេតុនេះបញ្ជាក់ពីការ ប្រែប្រួលនៃស្ថានភាព នៅមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែហេតុការណ៍នេះក៏ពង្រឹងការ តាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយ បន្ទាន់នៅទូទាំងប្រទេស ក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន” ។
លោកបាននិយាយថា “តាមដែលយើងដឹងនៅពេលនេះ មិនមានអ្នកស្លាប់ និងរបួសក្នុងចំណោមបុគ្គលិក អង្គការសហប្រជាជាតិនោះទេ” ៕