CNA៖ ការព្រមានប្រហាក់ប្រហែលគ្នា ពីទីក្រុងឡុងដ៍ ទីក្រុងកង់បេរ៉ា និងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធទី ២៥ ខែសីហា បានជំរុញឲ្យមនុស្សដែល ប្រមូលផ្តុំគ្នានៅក្នុងតំបន់នោះ ឲ្យចាកចេញ ឬផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព ចាន់ណាដែលមានវត្តមាន ក្រុមតាមលីបង់ជាច្រើននាក់ នៅព្រលានយន្តហោះក្រុងកាប៊ុល។
អស់រយៈពេលជាច្រើនថ្ងៃ មកហើយដែលពលរដ្ឋ អាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់ ដែលមានការភ័យខ្លាច បានឡោមព័ទ្ធអាកាសយានដ្ឋាន អន្តរជាតិក្រុងកាប៊ុល Hamid Karzai ដោយសង្ឃឹមថា នឹងគេចផុតពីការគ្រប់គ្រង របស់តាលីបង់ ។
ទន្ទឹមនោះ ក្រសួងការបរទេសអាមេរិក បាននិយាយថា “អ្នកដែលនៅច្រក Abbey Gate ច្រក East Gate ឬច្រក Noth Gate ឥឡូវនេះគួរតែចាកចេញភ្លាមៗ”។
ចំណែកនាយកដ្ឋានកិច្ចការបរទេស អូស្រ្តាលីបាននិយាយថា “មានការគំរាមកំហែងដែលកំពុងបន្ត និងខ្ពស់បំផុតនៃ ការវាយប្រហារភេរវកម្ម ។ សូមកុំធ្វើដំណើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល Hamid Karzai ។ ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ នៃព្រលានយន្តហោះ សូមផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព ហើយរង់ចាំការណែនាំបន្ថែម” ។
រីឯទីក្រុងឡុងដ៍បានចេញ ការព្រមានស្រដៀងគ្នានេះ ដោយបន្ថែមថា “ប្រសិនបើអ្នកចង់ចាកចេញ ពីអាហ្វហ្គានីស្ថាន ដោយសុវត្ថិភាពតាម មធ្យោបាយផ្សេងទៀត អ្នកគួរតែធ្វើដូច្នេះភ្លាម” ។
ស្របពេលជាមួយគ្នានេះដែរ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដឹកជញ្ជូនជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ ដោយយន្តហោះយោធាចេញពី អាកាសយានដ្ឋានជារៀងរាល់ថ្ងៃ ប៉ុន្តែវាបានក្លាយជាកិច្ចការកាន់តែពិបាក និងអស់សង្ឃឹម ។
បន្ថែមពីនេះ ជើងហោះហើរជម្លៀសខ្លះ កំពុងធ្វើឡើងរួចទៅហើយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដោយបណ្ដាលឲ្យអ្នកដែលនៅសេសសល់ កំពុងស្វែងរកការចាកចេញពីប្រទេស ។
ហ្វូងមនុស្សរួមទាំងគ្រួសារ ដែលអស់សង្ឃឹម បានព្យាយាមចូលទៅអាកាសយានដ្ឋាន ដែលព័ទ្ធទៅដោយក្រុមតាលីបង់ និងប៉ុស្តិ៍ត្រួតពិនិត្យយោធាលោកខាងលិច ខណៈមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ ដោយសារភាពវឹកវរ នៅព្រលានយន្តហោះ ។
គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថាន ជាច្រើនភ័យខ្លាចថា ពួកតាលីបង់នឹងបង្កើតឡើងវិញ នូវអំពើឃោរឃៅរបស់ពួកគេ ដែលគ្រប់គ្រងដោយសាសនាឥស្លាម ដែលបានបញ្ចប់នៅឆ្នាំ ២០០១ ៕