ក្រុមហ៊ុនរបស់នាវា ដែលលួចដឹកប្រេងពីកម្ពុជា ចេញមុខបកស្រាយហើយ!

0

ប្រតិបត្តិករនៃនាវាដឹកប្រេង ដោតទង់ជាតិបាហាម៉ា ឈ្មោះ MT Strovolos បានចេញមុខបដិសេធ របាយការណ៍ដែលថា នាវានេះបានដឹកប្រេងឆៅ ចេញពីកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីនាវានេះ ត្រូវបានរឹបអូស ដោយសារតែការឈប់សំចតនៅដែនសមុទ្រឥណ្ឌូណេស៊ី ដោយគ្មានការអនុញ្ញាត។

ជាងនេះទៅទៀត ប្រតិបត្តិករដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីបាននិយាយថា នាវាដឹកប្រេងនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការផ្លាស់ប្តូរនាវិក ហើយកំពុងអំពាវនាវឲ្យមានការ ដោះលែងសមាជិកនាវិកទាំងអស់។

នាវា Strovolos និងនាវិក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរឥណ្ឌូណេស៊ី សម្រាប់ការចោទប្រកាន់ថា នាវានេះបានចតក្នុងដែនទឹករបស់ខ្លួនក្នុងទីក្រុង Batam ដោយគ្មានការអនុញ្ញាត និងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចោទប្រកាន់នាវាដឹកប្រេងនេះថា បានលួចប្រេងឆៅចំនួន ៣០០,០០០ បារ៉ែល។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ World Tankers Management ដែលជាប្រតិបត្តិករនាវាបានបញ្ជាក់ថា នាវានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីសុទ្ធ គឺសម្រាប់ហេតុផលមនុស្សធម៌ ហើយបាននិងកំពុងប្រតិបត្តិការក្នុងវិសាលភាពនៃធម្មនុញ្ញរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកជួលនាវា បានដាក់ប្រេងឆៅរបស់កម្ពុជា កាលពីខែឧសភាដោយយល់ថា ទំនិញនោះគឺជារបស់អ្នកជួល។

បន្ទាប់ពីអ្នកជួលមិនបានបង់ប្រាក់ឲ្យ, ក្រុមហ៊ុន World Tankers Management និយាយថា នាវា Strovolos និងនាវិករបស់ខ្លួន បានធ្វើដំណើរទៅប្រទេសថៃដើម្បីចាក់ប្រេង ហើយនៅទីនោះ ពួកគេក៏បានព្យាយាមផ្លាស់ប្តូរនាវិកផងដែរ ដោយសារតែនាវិកជាច្រើននាក់ មិនបានចុះពីនាវាឡើយ ចាប់តាំងពីខែកញ្ញាមក។

ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ ការផ្ទេរនាវិកមិនត្រូវបានធ្វើឡើងឡើយ ហើយទីបំផុត អ្នកជួលក៏បានបញ្ចប់។ នៅពេលនោះ ក្រុមហ៊ុន World Tankers Management បានស្នើសុំឲ្យដកទំនិញចេញ ដោយការផ្ទេរពីនាវាមួយទៅនាវាមួយ នៅទីតាំងងាយស្រួលនិងជាក់ស្តែង។ ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងមិនត្រូវបានសម្រេចទេ។

យោងតាម World Tankers Management, នៅពេលនាវាបានទៅដល់ប្រទេសថៃ កងនាវាចរថៃក៏បានឡើងទៅនាវានោះផងដែរ តាមការស្នើសុំរបស់ រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេមិនបានឃាត់នាវានោះឡើយ ដោយសារតែវិធានការរឹតបណ្តឹងកូវីដ-១៩ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅឥណ្ឌូណេស៊ី។ ឥឡូវនេះ ក្រុមហ៊ុន World Tankers Management បានច្រានចោលនូវការធ្វើខុស រួមទាំងការចោទប្រកាន់ដោយ រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕