ទីបំផុត​!! តារា​សម្តែង​ល្បី​អា​មេ​រិ​ក John Cena ចេញ​មុខ​សុំ​ទោស​អ្នកគាំទ្រ​ចិន

0

តារា​សម្តែង​ល្បីឈ្មោះ និង​ជា​កំពូល​អ្នក​កីឡាកាស​របស់​អា​មេ​រិ​ក បាន​លេច​វត្តមាន​ក្នុង​រឿង «Fast & Furious 9» ឬ F9 John Cena នា​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​វី​ដេ​អូ​មួយ ក្នុង​ន័យ​សុំ​ការ​អធ្យាស្រ័យ ពី​សំណាក់​អ្នកគាំទ្រ​ជនជាតិ​ចិន ចំពោះ​កំហុស​របស់​លោក ពាក់ព័ន្ធ​នឹង​ការ​ហៅ​កោះ​តៃវ៉ាន់ ថា «​ជា​ប្រទេស​»​។

បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Straits Times នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​វី​ដេ​អូ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ចិន Weibo នៅ​ថ្ងៃ​អង្គា​រ៍ស​ប្តា​ហ៍​នេះ John Cena បាន​និយាយ​ថា លោក​បាន​សាង​កំហុស​មួយ អំឡុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍ ពេល​ដែល​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​។

លោក​ថា រូប​លោក​ពិតជា​ស្រឡាញ់ ក៏​ដូច​ជា​គោរព ប្រទេស​ចិន និង​ប្រជាជន​ចិន​ផង​ដែរ និង​សុំ​ទោស​ចំពោះ​កំហុស​ដែល​លោក​បាន​និយាយ​ចេញ​មក​។ ក្រៅពី​និយាយ​សារ​ទាំងនេះ John Cena មិន​បាន​បញ្ជាក់​អ្វី​លំអិត​បន្ថែម​នោះ​ទេ​ថា តើ​លោក​និយាយ​ខុស​នោះ នៅ​ក្នុង​កម្មវិធី​ណាមួយ​ឲ្យ​ប្រាកដ​។

បើ​គេ​នៅ​ចាំ​មិន​ភ្លេច នៅ​ដើមខែ​ឧសភា​នេះ តារា​សម្តែង​ក្នុង​រឿង F9 John Cena បាន​និយាយ​នៅ​ពេល​ផ្សព្វផ្សាយ​រឿង F9 ដោយ​ទំនងជា​បាន​ហៅ​តៃវ៉ាន់ ថា​ជា​ប្រទេស​ដំបូង​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​។

យ៉ាងណាមិញ ក្រោយ​ចេញ​វី​ដេ​អូ​សុំ​ទោស គេ​សង្កេត​ឃើញ​ថា​អ្នកគាំទ្រ​ចិន បាន​យល់ព្រម និង​ទទួល​នូវ​ការ​ពន្យល់​របស់​តារា​សម្តែង​រូប​នេះ​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ទីផ្សារ​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ធំ​មួយ ខណៈ​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ សម្រាប់​រឿង​ហូ​លី​វូ​ដ «Fast & Furious 9» ពី​ទីផ្សារ​ចំនួន​៨ រួម​មាន​ប្រទេស​ចិន​, កូរ៉េ​ខាងត្បូង ,​ហុងកុង និង​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​ទទួល​បាន​ប្រាក់​សរុប​ចំនួន ១៦២.៤ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ស​ប្តា​ហ៍​ដំបូង​។

ក្នុង​ចំណោម​ប្រាក់​ចំណូល​ចំនួន ១៦២.៤ លាន​ដុល្លារ​អា​មេ​រិ​ក​នេះ គឺ​មាន​រហូត​ដល់​ទៅ ១៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ ដែល​រកបាន​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ ដែល​វា​ជា​ចំណូល​មួយ​ដ៏​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​៕