ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានស្នូរផ្ទុះយ៉ាងកក្រើកដីជាហេតុ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ។
ស្ងាត់សម្លេងផ្ទុះនេះភ្លាម បុរសម្នាក់ឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ២៨ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះបានស្លាប់ រីឯឈ្មោះ ហង់ លីហ័រ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកជិតខាងរួមដំណើរជាមួយគ្នា ទទួលរងរបួសធ្ងន់ ចំណែកគោយន្តត្រូវបានបំផ្លាញខ្ទេចខ្ទី ដោយសារកម្លាំងផ្ទុះនៃគ្រាប់ មីនតោន។
ទទួលបានព័ត៌មានច្បាស់អំពីរឿងហេតុ ដ៏រន្ធត់ នេះលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរ បាលស្រុកសំឡូតបានរាយការណ៍បន្ទាន់ ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានជ្រាប និងសុំយោបល់អនុវត្តបន្ត។
ក្រោមយោបល់ណែនាំរបស់លោកស្នងការ លោកអធិការនគរបាលស្រុក បានបញ្ជូនកម្លាំងទៅដល់កន្លែងកើតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថា ចំណុចដែលមានករណី ផ្ទុះមីនតោននេះជាសមរភូមិប្រយុទ្ធគ្នា ពីមុនមកហើយរហូតមកដល់ពេលនេះ មិនទាន់មានការបោសសំអាតរំដោះ យកយុទ្ធភ័ណ្ឌពីក្នុងដីអស់នៅឡើយទេ ផ្លូវដែលគោយន្តរបស់គាត់បើកបរទៅជាន់លើគ្រាប់មីននាពេលនេះគឺជាផ្លូវ (ចាស់) ក្នុងសម័យសង្រ្គាមហើយក្រោយ មកមិនមានអ្នកណាប្រើប្រាស់លើផ្លូវនេះទេ តែជាអកុសលថ្ងៃនេះ ខណៈជនរងគ្រោះបើកបរគោយន្តរវាងឡើងលើផ្លូវ (ចាស់) ក៏ជួបគ្រោះថ្នាក់នេះតែម្តង។
លោកអធិការបន្តថា ប្រសិនបើមិនមានសមត្ថកិច្ចរបស់ លោកទៅដល់និងមានវិធានការភ្លាមៗ នៅកន្លែងកើតហេតុទេនោះ គោយន្តមួយគ្រឿងផ្សេង ទៀតរួមទាំងអ្នកចូលទៅជួយសង្រ្គោះផង ដែលបម្រុងចូលទៅដឹកយក សពជនរងគ្រោះខាងលើចេញពីទីនោះ នឹងជួបគ្រោះថ្នាក់ជាន់គ្រាប់ មីនបន្ថែមទៀតជាក់ជាមិនខាន ព្រោះស្ថិតនៅក្បែរទីកន្លែងផ្ទុះនោះ ត្រូវបានប្រទះឃើញគ្រាប់មីនតោនចំនួន ១គ្រាប់ និងគ្រាប់មីន (ផ្កាចាន់) ចំនួន ១គ្រាប់ទៀតស្ថិតនៅលើគ្នា។
នៅពេលនេះមន្រ្តីជំនាញនៃអង្គភាព CMAC បាន ពិនិត្យនិងហ៊ំព័ទ្ធចំណុចនោះទុកដើម្បីធ្វើការ បន្តនៅថ្ងៃស្អែកទៀត ៕