រុស្ស៊ីបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួន ក្នុងរយៈពេល ២៤ម៉ោង

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោងដែលរដ្ឋាភិបាលសម្រេចថា ជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុន នឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿន ប្រព័ន្ធប្រតិបត្តិការទៀតផង។

លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុន Google ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោលព័ត៌មាន ខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀត ទាក់ទងទៅនឹងក្រុមជ្រុលនិយម។ ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារទៅ ប្រាំម៉ឺនដុល្លារ ប៉ុន្តែការផាកពិន័យអាច កើនឡើងរហូតទៅដល់ ១០ភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំប្រសិន បើក្រុមហ៊ុននៅតែបន្តមិន ធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល។

ក្រៅពីការស្នើសុំឱ្យលុបចោលទិន្នន័យមួយចំនួននោះ ក្រុមហ៊ុន Google ក៏ត្រូវបានរងការចោទប្រកាន់ថា ពុំមានតម្លាភាពទាក់ទងទៅនឹងការ ដាក់កំណត់លើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នៅក្នុងកម្មវិធី YouTube ផងដែរ។

គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលក៏បានបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Twitter ដោយសារតែក្រុមហ៊ុននេះ មិនបានធ្វើការលុបចោលព័ត៌មាន ដែលពួកគេបានស្នើសុំឱ្យបានទាន់ពេលវេលា។ ប៉ុន្តែក្រុមហ៊ុន Twitter បានលុបចោលព័ត៌មានដែល រដ្ឋាភិបាលបានស្នើសុំយ៉ាងលឿន ក្រោយពីរដ្ឋាភិបាលព្រមានថា នឹងបិទកម្មវិធីនេះទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ៕