ការរញ្ជួយដីកម្រិត ៦.៤ រិកស្ទ័រ បានវាយប្រហាររដ្ឋ Assam ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ វេលាម៉ោង ០៧:៥១នាទីព្រឹក ម៉ោងក្នុងស្រុក បើយោងតាមការឲ្យដឹងពីមជ្ឈមណ្ឌលជាតិសម្រាប់ការរញ្ជួយដីឥណ្ឌា (NCS) ។
ព័ត៌មានដែលចេញផ្សាយដោយ NCS បាននិយាយថា “ចំណុចកណ្តាលនៃការរញ្ជួយដីគឺ Sonitpur, Assam ស្ថិតនៅចំនុច ២៦.៦៩ ដឺក្រេរយៈទទឹងខាងជើង និងចំនុច ៩២.៣៦ ដឺក្រេរយៈបណ្តោយខាងកើត” ។
ការរញ្ជួយនេះ បានធ្វើឱ្យរញ្ជួយពេញមួយរដ្ឋ ហើយរបាយការណ៍បាននិយាយថា មនុស្សដែលភ័យស្លន់ស្លោ បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះ និងអាគារ ដើម្បីប្រមូលផ្តុំគ្នានៅតាមដងផ្លូវ។
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់ពីការបាត់បង់អាយុជីវិត ក្នុងការរញ្ជួយដីនោះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងតំបន់ បានសរសេរនៅលើបណ្តាញសង្គមថា “ទើបតែជួបគ្រោះរញ្ជួយដីដ៏ធំមួយនៅ Assam ។ សូមរង់ចាំព័ត៌មានលម្អិត” ៕
ប្រភព៖ Xinhua


