កូវីដ-១៩៖ រកឃើញ ១ទៀត កើតមានអាការជ្រៀតជ្រែកដ៏កម្រ និងប្រហែលជាមានការឈឺចាប់ខ្លាំង ដោយសារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយអ្នកជំងឺ ជាជនជាតិអាមេរិកម្នាក់ មានអាការប្រដាប់ភេទឡើងរឹងរហូត (Priapism) យូរ រយៈពេល ៣ម៉ោង ដោយក្រុមគ្រូពេទ្យជឿថា មេរោគវីរុស គឺជាដើមហេតុ ធ្វើឱ្យឈាមទៅផ្ដុំខ្លួននៅក្នុងអវយវៈភេទរបស់គាត់។ នេះបើតាមលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលបានផ្សព្វផ្សាយដោយព្រឹត្តិបត្រវេជ្ជសាស្ត្រមួយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៨មីនា ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយ របស់វេបសាយ អរគុណសន្តិភាព ។
របាយការណ៍នោះ បានរៀបរាប់ថា កាលពីខែសីហា ឆ្នាំ២០២០ បុរសជរា រាងធាត់ វ័យ ៦៩ឆ្នាំម្នាក់ បានចូលព្យាបាលនៅមន្ទីពេទ្យម៉ៃអាមី វ៉ាល់លេយ៍ ក្នុងទីក្រុងដេយ៍តុន រដ្ឋអូហៃអូ ក្រោយពីរូបគាត់ បានធ្លាក់ខ្លួនឈឺ មានអាការធ្ងន់ធ្ងរ ដោយសារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។
បុរសមិនស្គាល់ឈ្មោះម្នាក់នេះ មានអាការពិបាកដកដង្ហើមយ៉ាងខ្លាំងក្លា រលាកសួត និងមានការប្រមូលផ្ដុំ វត្ថុរាវនៅក្នុងសួត។ មន្ត្រីពេទ្យ បានឱ្យថ្នាំសម្រួលសរសៃប្រសាទ មុននឹងភ្ជាប់ខ្សែម៉ាស៊ីនជួយដកដង្ហើម តែយ៉ាងណាក្ដី អាការរបស់គាត់ នៅតែធ្លាក់ចុះដុនដាប ជាបន្តបន្ទាប់។
ក្រោយពីកន្លងផុតទៅ ១០ថ្ងៃ សួតទាំងសងខាងរបស់គាត់ ចាប់ផ្ដើមគាំង ធ្វើឱ្យត្រូវដាក់គាត់ដេកផ្កាប់មុខ ដែលនេះជាតិចនិកសង្គ្រោះបន្ទាន់ជួយបង្កើនបរិមាណអុកស៊ីហ្ស៊ែន ដែលចូលទៅក្នុងសួត ឱ្យបានកាន់តែច្រើនឡើង តែលុះកន្លងផុតទៅ ១២ម៉ោង បន្ទាប់ពីចាប់ខ្លួនគាត់ ឱ្យផ្ងារមកវិញ បុគ្គលិកពេទ្យ បានសង្កេតឃើញ អវយវៈភេទរបស់គាត់ឡើងរឹង និងបះឆ្កឺតតែម្ដង។
កន្លងផុតទៅ ៣ម៉ោង ក្រោយពីមិនអាចកែខៃស្ថានការណ៍ដោយ អៃស៍ជេល បានបុគ្គលិកពេទ្យទាំងអស់ បានសម្រេចចិត្ត ប្រើម្ជុលចាក់បូមយកឈាមចេញ ពីអវយវៈភេទរបស់គាត់ ដែលទទួលបានជោគជ័យ ក្នុងការជួយធ្វើឱ្យអវយវៈបន្ទន់ខ្លួនទៅវិញ។ ទាំងអស់នេះ របាយការណ៍ បានបញ្ជាក់ថា បុរសចំណាស់រូបនោះ បានសន្លប់បាត់ស្មារតីរហូត ពេញមួយរយៈពេលនៃការជួយសង្គ្រោះនោះ។
“សភាវប្រដាប់ភេទឡើងរឹងជាប់រហូតនោះ ក៏លែងកើតឡើងទៀត” គ្រូពេទ្យ ៣នាក់របស់មន្ទីរពេទ្យម៉ៃអាមី វ៉ាល់លេយ៍ បានសរសេរបែបនេះ នៅក្នុងរបាយការណ៍អ្នកជំងឺ នៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្របន្ទាន់នៃប្រទេសអាមេរិក តែយ៉ាងណាក្ដី សួតរបស់គាត់ នៅតែមិនអាចជួយសង្គ្រោះបាន និងទីបំផុត អ្នកជំងឺម្នាក់នោះ បានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានបញ្ជាក់ថា អាការនេះ អាចនឹងមានមូលហេតុមកពីប្រព័ន្ធប្រឆាំងជំងឺ ឆ្លើយតបខ្លាំងជ្រុលពេក ដែលគេហៅថា សភាវ “ព្យុះសៃតូខាញ ឬ Cytokine Storm” និងត្រូវបានគេដឹងថា វាជាផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ដែលគេដឹងថា ជាមូលហេតុធ្វើឱ្យកើតមានបណ្ដុំឈាម។
កាលពីពេលមុននេះ នៅខែកក្កដា ឆ្នាំមុន លទ្ធផលមួយទៀតនៃការសិក្សាស្រាវជ្រាវ ដែលបានផ្សព្វផ្សាយ នៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្របន្ទាន់នៃប្រទេសអាមេរិកនេះដូចគ្នា ធ្លាប់បានរាយការណ៍អំពីការរកឃើញស្ថានការណ៍បែបដូចគ្នានេះ នៅលើអ្នកជំងឺប្រុសម្នាក់ វ័យ ៦២ឆ្នាំ នៅក្នុងប្រទេសបារាំង ដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី កើតមានអាការ អវយវៈភេទឡើងរឹង យូររយៈពេល ៤ម៉ោង ដែលចាំបាច់ត្រូវតែប្រើម្ជុលចាក់បូមយកឈាមចេញពីប្រដាប់ភេទនោះដូចគ្នា។
ទាំងអស់នេះ គេជឿថា អាការនេះ មានដើមហេតុមកពីបណ្ដុំឈាមញ៉ុណែននៅក្នុងសរសៃឈាមក្នុងអវយវៈភេទរបស់បុរស ខណៈដែលមុនពេលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី បុរសចំណាស់ម្នាក់នេះ មិនធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងអាការបណ្ដុំឈាមញ៉ុកណែន ពីមុនមកឡើយ៕