បរទេស៖ ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍កាលពីពេលថ្មីៗនេះ ថាអាជ្ញាធរមីយ៉ាន់ម៉ា បានគាស់សាកសពនារីអាយុ ១៩ឆ្នាំម្នាក់ ដែលបានក្លាយជានិមិត្តរូប នៃចលនាតវ៉ា ហើយធ្វើការពិនិត្យ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាប៉ូលិសមិនបានសម្លាប់នាងនោះទេ ដែលទង្វើនេះបានធ្វើឲ្យក្រុមបាតុករ កាន់តែផ្ទុះកំហឹងផងដែរ ។
Kyal Sin ដែលត្រូវបានគេស្គាល់ថា Angel បានស្លាប់កាលពីថ្ងៃពុធ ដោយការបាញ់ចំក្បាលនៅពេលក្រុមបាតុករ រងការវាយប្រហារពីកងកម្លាំងសន្តិសុខ ដែលព្យាយាមបញ្ចប់បាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។
Kyal Sin គឺជាម្នាក់ក្នុងចំណោមមនុស្ស ៣៨នាក់ ដែលត្រូវបានសម្លាប់។ ការគាស់សាកសពរបស់ Kyal Sin បានបង្កឲ្យមានការខឹងសម្បាថ្មីទៀតពីគូប្រជែងរដ្ឋប្រហារ។ ពួកគេបានចោទប្រកាន់យោធាថា ព្យាយាមលាក់បាំងការពិតដែលថា នាងត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ពួកគេ។
ទូរទស្សន៍រដ្ឋបានផ្សាយថា ប៉ូលិស ចៅក្រមនិងវេជ្ជបណ្ឌិតបានគាស់សាកសព និងធ្វើការវះកាត់ដើម្បីស៊ើបអង្កេត។ ពួកគេបានរកឃើញស្នាមរបួសធ្លុះ នៅផ្នែកខាងក្រោយ នៃក្បាលនិងសំណទំហំ១.២សង់ទីម៉ែត្រ គុណ០.៧សង់ទីម៉ែត្រ នៅក្នុងខួរក្បាល ហើយនិយាយថា វាខុសពីគ្រាប់កាំភ្លើង ដែលប្រើដោយប៉ូលិស។
ទូរទស្សន៍រដ្ឋរាយការណ៍ថា ប៉ូលិសបានប្រឈមមុខជាមួយក្រុមអ្នកតវ៉ា ហើយគ្រាប់ដែលសម្លាប់ Kyal Sin អាចត្រូវបានបាញ់ចេញពីកាំភ្លើងគ្រាប់.38។ ដូច្នេះវាអាចត្រូវបានសន្និដ្ឋានថា អ្នកដែលមិនចង់បានស្ថេរភាព បានធ្វើឃាតនាង។
ស្របពេលជាមួយគ្នានោះ នៅលើបណ្តាញសង្គម ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានពណ៌នាពីការគាស់សាកសពនេះថា ជាការប្រមាថបន្ថែមទៀតចំពោះ Kyal Sin និងក្រុមគ្រួសាររបស់នាងជាមួយចេតនាផ្តល់ព័ត៌មានមិនពិត អំពីអ្វីដែលបានកើតឡើង៕