ភ្នំពេញ៖ ហួសថ្លែងស្ត្រីចំណាស់ម្នាក់ យកលុយក្នុងផ្ទះចាយអស់ ស្រាប់តែនឹកប្រើល្បិចប្រឌិតរឿងកុហកប្ដីថា មានចោរ ៣នាក់ចូលប្លន់ ។ ក្រោយទទួលបានដំណឹងពីករណីនេះ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ករណីនេះពេញមួយថ្ងៃ រហូតតាមទាន់ជាន់កែងជាឧបាយកលរបស់ស្រ្តីម្នាក់ ដើម្បីបំភាន់ភ្នែកប្ដីហ៊ានប្រឌិតរឿងមិនគួរធ្វើ ខណៈដឹងខ្លួនឯងជាមនុស្សកញ្ជើធ្លុះ ។
ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៤ទាបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ កោរ វ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកស្នងការរងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ឃើញថា បង្កហេតុឡើងបណ្ដាលឲ្យមានការការភ្ញាក់ផ្អើល ដោយស្រ្តីឈ្មោះ សារី យុន្នី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះដូចបានរៀបរាប់ខាងលើ និងកូនប្រុស១នាក់ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិ.ឃុំកើតហេតុ ស្រ្តីបង្កហេតុ (សារី យុន្នី) បានធ្វើសកម្មភាពនៅពេលប្ដីចេញទៅរកស៊ីបាត់ ដោយស្រ្តីរូបនេះខ្ញៅខ្លួនឯង រយះដាច់សាច់ដៃសងខាងចេញឈាម យកខ្សែចងជើងទាំង២ ចងដៃឡើងលើទាំង២ និងយកក្រមារុំមុខ នេះបើយោងតាមការបញ្ជាក់ពីកូនប្រុស និងប្អូនប្រុសរបស់គាត់ ដែលបានមកជួយកាត់ចំណងផ្ទាល់ បន្ទាប់កូនប្រុសក្រោកពីដំណេក ឃើញស្រ្តីជាម្ដាយមានសភាពជាប់ចំណង រួចរត់ទៅហៅពូមានផ្ទះនៅក្បែរគ្នាមកជួយ និងបញ្ជូនទៅសង្រ្គោះ ដោយស្រ្តីរូបនេះអះអាងថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន ៣នាក់ មកហៅប្ដីរបស់ខ្លួនឲ្យជូនទៅមើលម្ដាយឈឺនៅមន្ទីរពេទ្យ ខ្លួនឮដូច្នេះក៏បានបើកទា្វរ ស្រាប់តែពួកវាសម្រុកចូល ធ្វើសកម្មភាពមកលើរូបគាត់ រួចរើ កកាយយកលុយអស់ចំនួន ១.២០០ដុល្លារអាមេរិក ចិញ្ចៀនមាសទម្ងន់១ជី ខ្សែដៃផ្លាទីនទម្ងន់១ជីកន្លះ ការពិតរឿងរ៉ាវទាំងអស់ស្រ្តី (សារី យុន្នី) គាត់ប្រឌិតឡើងដើម្បីបំភាន់ភ្នែកប្ដី ព្រោះគាត់ចាយវាយអស់ដោយមិនដឹងមុខ (ខ្លាចប្ដីបន្ទោស) ។
លោក ឧត្ដមសេនីយ៍ត្រី បន្តទៀតថា ស្រ្តីបង្កហេតុ (សារី យុន្នី) បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ហើយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាត្រឹមត្រូវ កុំឲ្យពួកគាត់ឈ្លោះប្រកែកគ្នា បញ្ហាខាងលើតទៅទៀត ៕