ភ្នំពេញ៖ យាយអាយុ៧៨ឆ្នាំ រួមជាមួយក្មេងប្រុសស្រី ១៣នាក់ទៀត ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន មន្រ្តីការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការក្រុងបាត់ដំបង ចុះបង្ក្រាបករណី ពាក់ព័ន្ធគ្រឿងញៀន ចំនួន១៤នាក់ អាយុចន្លោះពី១៦ឆ្នាំដល់៧៨ឆ្នាំ កាលពីម៉ោង៥និង ៣០នាទីបៀត ភ្លឺឈានចូលថ្ងៃទី ០៧ មិនា ម្សឹលមិញ ស្ថិតនៅភូមិនំក្រៀប សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកសុខ និមល ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការនគបាល ខេត្តបាត់ដំបង អោយ ដឹងថា ជនទាំង១៤នាក់នេះ រួមទាំងម្ចាស់ទីតាំង ដែលមានវ័យ៧៨ឆ្នាំ ផងដែរ ដែលមាន ឈ្មោះស្រ៊ុន ឡាយ ភេទស្រី ពាក់ព័ន្ធ ការរក្សាទុក ចាត់ចែង សម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារ ធាតុញៀន (ក្នុងបទល្មើសជាក់ស្តែង) ។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន១៤នាក់ ប្រុស ៩នាក់ស្រី០៥នាក់ ដែលក្នុងនោះមានទាំងអនីតិជន៤នាក់ ផងដែរ។
-វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីនKetamine ចំនួន ០៣កូនថង់ទម្ងន់២.១០ក្រាម(ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ីMDMAចំនួន០២គ្រាប់ទម្ងន់០,៦៩ក្រាម
-បន្ទះថ្នាំព៌ណក្រហមមានអក្សរ FRE VIT ចំនួន៦គ្រាប់ , ទូរទស្សន៍បីគ្រឿង, អំភ្លី៤គ្រឿង ,ប្រដាប់ស្រូបសម្លេង៣គ្រឿង និង ភ្លើងវិល ២គ្រឿង ទូរស័ព្ទដៃបីគ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ច នគរបាល បានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ដោយឡែក អ្នកជាប់ពាក់ព័ន្ធ ជាអនីតិជនចំនួន០៤នាក់ ត្រូវបានឱ្យអាណាព្យាបាលធា នាយកទៅអប់រំ នៅលំនៅដ្ឋានវិញ ៕