យោធាបានវាយឆ្មក់ ចូលទីស្នាក់ការកណ្តាលគណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីយប់ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ។ ការវាយប្រហារចុងក្រោយនេះ បានកើតឡើងចំពេលកំហឹងពលរដ្ឋ ចំពោះការធ្វើរដ្ឋប្រហារ កាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយកំលាំងយោធា បានជំរុញឲ្យប្រជាជនរាប់សែននាក់ ចេញតវ៉ាតាមផ្លូវ ផ្គើនបម្រាមរបស់រដ្ឋាភិបាលយោធា ប្រឆាំងនឹងការប្រមូលផ្តុំគ្នា។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា “មេដឹកនាំផ្តាច់ការយោធា បានវាយឆ្មក់ និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ ៩:៣០យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្ស មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
បញ្ជាក់ថាការវាយឆ្មក់នេះ បានកើតឡើងបន្ទាប់ពីបាតុកម្ម បានឈានចូលថ្ងៃទី៤ កាលពីថ្ងៃអង្គារ ដោយប៉ូលិស បានប្រើកាណុងបាញ់ទឹក នៅតាមទីក្រុងជាច្រើន ហើយបានបាញ់គ្រាប់កាំភ្លើងជ័រ ទៅលើក្រុមអ្នកតវ៉ានៅរដ្ឋធានីណៃពិដោ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅ Mandalay។ ការប្រមូលផ្តុំគ្នានេះ បានកើតឡើង បើទោះបីជាមានការព្រមាន ពីរដ្ឋាភិបាលយោធាថា នឹងចាត់វិធានការប្រឆាំងបាតុកម្ម ដែលគំរាមកំហែងដល់ស្ថិរភាព និងការហាមឃាត់ថ្មី លើការប្រមូលផ្តុំមនុស្ស ច្រើនជាងប្រាំនាក់ក៏ដោយ៕