ស្រ្តី​​ដំបូង​គេ​លើ​លោក ​ដែល​បានទទួល​វ៉ាក់សាំង​ Pfizer-BioNTech កូ​វីដ​១៩

0

លោកយាយ Margaret Keenan អាយុ ៩០ ឆ្នាំមកពីប្រទេសអង់គ្លេស បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលបានទទួលវ៉ាក់សាំង Pfizer កូវីដ១៩ បន្ទាប់ពីមានការយល់ព្រមពីមន្ទីរពិសោធន៍ភ្លាមៗ។
ស្រ្តីវ័យចំណាស់រូបនេះ បានទទួលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យក្នុងស្រុករបស់គាត់ក្នុងទីក្រុង Coventry ប្រទេសអង់គ្លេស នៅព្រឹកថ្ងៃអង្គារទី ៨ ខែធ្នូវេលាម៉ោង ៦:៣១ នាទីព្រឹក ម៉ោងនៅចក្រភពអង់គ្លេស។

ចក្រភពអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដែលបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃអង្គារ ការសម្រេចចិត្តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ នឹងជំរុញក្តីសង្ឃឹមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ដែលបានបំផ្លាញសេដ្ឋកិច្ច និងសម្លាប់មនុស្សអស់ជាង ១,៥ លាននាក់។

លោកយាយ Keenan បានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងណាស់ ក្នុងការក្លាយជាមនុស្សទីមួយ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩»។ លោកយាយបន្ថែមទៀតថា «វាជាកាដូខួបកំណើតដែលល្អបំផុតសម្រាប់ខ្ញុំ ដើម្បីបានជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ សម្រាប់ឱកាសឆ្លងឆ្នាំនេះ»។ បញ្ជាក់ផងដែរ វ៉ាក់សាំងនេះនឹងត្រូវចាក់ជាលើកទី២ ក្នុងរយៈពេល ២១ថ្ងៃបន្ទាប់៕

ប្រភព៖ CNA