ម្នាក់ដេកពេទ្យ ម្នាក់ទៀតដេកគុក ក្រោយឈ្លោះគ្នាមួយប្រាវ

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី ហឹង្សាវាយបងបង្កើត ឲ្យរងរបួសធ្ងន់ កាលពី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ករណីនេះកើតឡើង នៅវេលាម៉ោង២ និង៤៥នាទី បង្កដោយជនសង្ស័យឈ្មោះ មាន រើន ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិឃុំខាងលើ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ ត្រូវជាបងប្អូននឹងគ្នា បាន ឈ្លោះប្រកែកតឹងមាត់ដាក់គ្នា រហូតដល់ទៅធ្វើឲ្យជនសង្ស័យ ជាប្អូនទ្រាំលែង បានឈានទៅ វាយបងបង្កើតជាច្រើន ដៃបណ្ដាលឱ្យរងរបួសធ្ងន់ ហើមគុម្ព ត្រចៀកខាងស្ដាំ ។

លោកវរសេនីយ៍ទោ ហែម មុនី អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងដែរថា ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះមាន ផល ភេទប្រុសអាយុ ៣៨ ឆ្នាំត្រូវជាបងបង្កើតរបស់ជនសង្ស័យ រស់នៅភូមិឃុំជាមួយគ្នាមានឪពុកឈ្មោះហឹង អាយុ ៥៨ ឆ្នាំ ម្ដាយឈ្មោះតុង យ៉មអាយុ ៥៧ឆ្នាំ ។ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាល របួសនៅពេទ្យឯកជន មួយនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។

លោកអធិការនគរបាលស្រុក បានបន្តថា ចំពោះជនសង្ស័យ សមត្ថកិច្ចនគរបាលមូលដ្ឋាន បាននាំខ្លួន យកមកប៉ុស្តិ៍នគរបាល រដ្ឋបាលតាលោ ដើម្បីសួរនាំ ហើយបញ្ជូនទៅកាន់អធិការរដ្ឋាន នគរបាលស្រុកតាលោសែនជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕